ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌច្បារអំពៅ នាវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានបន្តដាក់គោលដៅបម្រាមគោចរនៅផ្លូវជាតិលេខ១ ត្រង់ចំណុចស្ទុបច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រយុទ្ធ ទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ។
ក្នុងប្រតិបត្តិការណ៍ខាងលេីនេះមានការដឹកនាំផ្ទាល់ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអពៅ និងកម្លាំងសមត្ថកិច្ច ,កម្លាំងកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងប្រជាការពារខណ្ឌ ចុះសហការគ្នាដោយឃាត់បានមធ្យោបាយធ្វេីដំណេីរមានទាំងម៉ូតូ និងយានយន្តដែលល្មេីសបម្រាបគោចរ យកមកធ្វេីការផាកវិន័យតាមច្បាប់កំណត់ ។
គួរបញ្ចាក់ថា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានព្រមានថា នឹងធ្វើការផាកវិន័យ ដោយគ្មានការលើកលែងនោះឡើយ ដោយរថយន្តតម្លៃ១លានរៀល និងម៉ូតូ តម្លៃ២០ម៉ឺនរៀល ខណៈមានការរឹងទទឹងខ្លាំងជាងនេះទៀតនឹងអនុវត្តច្បាប់ទៅតាមតុលាការជាធរមាន។ ឯកឧត្ដមបញ្ជាក់ថា ការរឹតបន្តឹងបែបនេះ គឺដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ។
ចំពោះវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងអំឡុងពេលដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ៕
ដោយ ៖ ភារ៉ា ដង្កោ