ខេត្តតាកែវ ៖បុរសជាមន្រ្តីពេទ្យសត្វម្នាក់ត្រូវរថយន្ត បុកអូសជាច្រើនម៉ែត្រ ស្លាប់ ដោយ ដាច់ ក ចេញពីខ្លួន កាលពីរសៀល ថ្ងៃទី០១ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ៩៧ និង ៩៨ នៅក្នុងភូមិជួស ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ូច ធា អាយុ៥៤ឆ្នាំ មុខរបរពេទ្យសត្វ រស់នៅភូមិអណ្តែងសាំង ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ចំណែកអ្នកបើកបររថយន្ត រួមនឹងប្រពន្ធ ពុំស្គាល់អត្តសញ្ញាណ ដោយសារតែ រងរបួសធ្ងន់។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមេរីហើម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I-0697 ជិះគ្នា៤នាក់ ចាស់២នាក់ នឹងក្មេង២នាក់ បើកក្នុងទិសខាងជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ រថយន្ត បានបើកឡើងវ៉ាជែង រថយន្តដឹកដី ក្នុងស្ថានភាពគ្រោះថ្នាក់ (ផ្លូវកោង) ក៏ជ្រុលចង្កូត ទៅបុកម៉ូតូ ជនរងគ្រោះ ដែលកំពុងធ្វើដំណើរ មកពីមុខ ក្នុងទិសដៅពីត្បូងទៅជើង (ច្រាសទិសគ្នា) ពេញទំហឹង អូសទាំងម៉ូតូនឹងមនុស្ស ទៅបុកផ្ទុបនឹងរោងប៉ះកង់ នឹងរោងលក់ចាប់ហ៊ួយ បណ្តាលឲ្យបាក់រោង ហើយជនរងគ្រោះ បានដាច់ (ក) ចេញពីខ្លួនស្លាប់ ចំណែករថយន្តក្រឡាប់ផ្ងារជើង អ្នកបើកបរ រថយន្ត រងរបួសបែកមុខ បែកមាត់ រីឯប្រពន្ធបានរងរបួសធ្ងន់ ចំណែកកូន២នាក់ រងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះមកដល់វាស់វែង នឹងធ្វើកំណត់ហេតុ រួចក៏បានបញ្ជូនជនរងគ្រោះ នឹងកូន ទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី។ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅ អធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវីធី៕
ដោយ៖ ជ្រោយពេជ្រ