ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តtoyota prius មួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់មួយដើមដួលរាបដល់ដី ហើយមិនទាន់អស់ល្បឿនបន្តទៅបុកទម្លុះរបងការដ្ឋានសំណង់មួយកន្លែងទៅមុខលែងរួចនិងធ្វេីឱ្យម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២១នៅចំណុចមុខផ្សារហេងលី តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ជាសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញស្ត្រីម្នាក់វ័យប្រមាណជាង ៣០ឆ្នាំ បើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BG-4152ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យងោកមួយភាំងបានរេចង្កូតមកខាងស្ដាំដៃបុកបង្គោលភ្លើងបំភ្លឺផ្លូវ មួយដើមបាក់រាបដល់ដី ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបន្តទៅបុកទម្លុះរបងការដ្ឋានសំណង់មួយកន្លែង ចូលទៅខាងក្នុងទៅមុខលែងរួច ។ភ្លាមនោះតៃកុងរថយន្តបានជាប់នៅខាងក្នុងហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសង្គ្រោះ រួចទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងដោយសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
ដោយ៖ សុខាសែនជ័យ