ខេត្តកណ្តាល៖ បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំបានរករឿងនិងដេញវាយស្ត្រីជាប្រពន្ធបណ្តាលឲ្យរងរបួស ពេលឪពុកក្មេងចូលជួយក៏យកដំបងឈើជ្រុងវាយសំពងបន្ថែមទៀត ធ្វើឲ្យរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ទើបមានអ្នកជិតខាងចូលទៅជួយ ។ ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ចាប់ខ្លួនជនដៃដល់វាយខ្នោះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
អំពើហិង្សាក្នុងគ្រួសារនេះបានកើតឡើង កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ដារ៉ា សារ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ ។ ចំណែកឯជនរងគ្រោះជាឪពុកក្មេកឈ្មោះ ស៊ិន វណ្ឌន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ កសិករ រីឯជនរងគ្រោះជាប្រពន្ធឈ្មោះ សន វណ្ណដេត ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកសិករ ។ ជនសង្ស័យនិងជនរងគ្រោះរស់នៅក្នុងភូមិ/ឃើកើតហេតុជាមួយគ្នា ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យបានត្រឡប់មកពីផឹកស្រាវិញមានសភាពស្រវឹងជោកជាំស្រែកឡូឡា ឃើញដូច្នះស្ត្រីជាប្រពន្ធខំហៅជនសង្ស័យជាប្តីឲ្យហូបបាយ តែជនសង្ស័យមិនហូបក៏បានដើរឡើងទៅលើផ្ទះបិទទ្វារនិងបិទអំពូលភ្លើងងងឹតឈឹងនៅសំងំលើផ្ទះម្នាក់ឯង ដោយខ្លាចមានរឿងស្ត្រីជាប្រពន្ធបានពកូនដើរទៅអង្គុយលេងផ្ទះអ្នកជិតខាង ។ មួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យកាន់ដំបងប៉ុន.កដៃមនុស្សចាស់ប្រវែង១.៤០ម៉ែត្រដេញវាយទៅលើស្ត្រីជាប្រពន្ធត្រូវចំភ្លៅ ។ ឃើញដូច្នេះបុរសជាឪពុកក្មេកបានចូលទៅឃាត់ជនសង្ស័យជាកូនប្រសារ ក៏ត្រូវលោកកូនចិត្តអប្រិយទាញដំបងវាយឲ្យរបួសបែកក្បាលឈាមហូរស្រោចខ្លួន ទើបមានអ្នកជិតខាងចូលទៅជួយ ។
ប្រភពដដែលបានបន្តថា ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ចាប់ខ្លួនជនដៃដល់វាយខ្នោះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ