ខេត្តបាត់ដំបង៖ ភាពភ្ញាក់ផ្អើលបង្កឱ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះធំនៅច្រកតំបន់ភ្នំដីគ្រាដែលមានមនុស្សជាច្រើននាក់ដែលបានធ្វើដំណើរឆ្លងកាត់ច្រកតំបន់ភ្នំដីបាននាំគ្នាឈប់ចោមរោមមើលសពបុរសម្នាក់ដែលគេស្គាល់ថាជាជនជាតិខ្មែរបានដេកស្លាប់មិនដឹងមូលហេតុនៅក្នុងដីថៃនៅត្រង់ច្រកតំបន់ភ្នំដី ក្នុងភូមិខៅឌីន ឃុំខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ដែលឈមនិងស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ។
សេចក្តីរាយការណ៍ពីនគរបាលស្រុកសពៅលូនប្រាប់ឱ្យដឹងថា សពបុរសរូបនោះត្រូវ បានគេស្គាល់អត្តសញ្ញាណនោះហើយ មានឈ្មោះហ៊ុន ចាន់រ៉ា ហៅស្លេក ភេទប្រុស អាយុ៣៤ ឆ្នាំ ប្រកបមុខរបរជាកម្មករ អូសរទះចេញចូលតាមច្រកតំបន់ភ្នំដីគ្មានផ្ទះពិតប្រាកដ រស់នៅបណ្តោះអាសន្នជាមួយអ្នកជិតខាងក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជុំវិញនៃហេតុការណ៍នេះ លោក លី រុំ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាល ស្រុកសំពៅលូនបានប្រាប់ឱ្យដឹងថា ក្រោយពីទទួលព័ត៌មានមានករណី ពលរដ្ឋខ្មែរដេកស្លាប់នៅខាងមុខច្រកតំបន់ភ្នំដីនោះមក។ នគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការនិងសមត្ថកិច្ចថៃធ្វើការត្រួតពិនិត្យសព។ សមត្ថកិច្ចនៃភាគីទាំងពីរបានធ្វើកោសល្យជាបឋមនៅលើរាង្គកាយជនរងគ្រោះគ្មានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ពាក់ព័ន្ធនិងការស្លាប់ដោយអំពើឃាតកម្មនោះទេ។ សមត្ថកិច្ចសង្ស័យថាបុរសរូបនោះដេកស្លាប់ដោយខ្យល់គក្នុងអំឡុងព្រឹកទាបភ្លឺថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។ កាលពីយប់ថ្ងៃទី២៣ ខែមីនា គេឃើញបុរសឈ្មោះហ៊ុន ចាន់រ៉ា ហៅស្លេក បានផឹកស្រាស្រវឹងជោគជាំនៅច្រកតំបន់ភ្នំដីខាងដីខ្មែរ ។ លុះយប់អធ្រាត្របន្តិចគេឃើញគាត់ដើរចូលទៅខាងច្រកដីថៃ នៅពេលភ្លឺឡើង ស្រាប់តែគេឃើញគាត់ដេកស្លាប់តែម្តង។
លោកអធិការរងបានប្រាប់ឱ្យដឹងទៀតថា បុរសឈ្មោះ ហ៊ុន ចាន់រ៉ា ហៅស្លេកគ្មាន ប្រពន្ធកូននោះទេ រស់នៅតែម្នាក់ឯង គ្មានទិសដៅពិតប្រាកដ ដែលមានស្រុកកំណើតនៅខេត្តតាកែវ ហើយជារៀងរាល់ថ្ងៃគេតែងឃើញគាត់ផឹកស្រាស្រវឹងជាប្រចាំហើយគាត់ជាកម្មករស៊ីឈ្មួលអូសរទះដឹកទំនិញចេញចូលតាមច្រកតំបន់ភ្នំដី ។
សាកសពត្រូវបានភាគីថៃដឹកយកទៅធ្វើកោសល្យនៅមន្ទីរពេទ្យប្រទេសថៃបន្ថែមទៀត ។ នៅពេលគេបញ្ជូនសពមកវិញសមត្ថកិច្ចខ្មែររងចាំទទួលដើម្បីយកទៅចាត់ចែងបូជាតាមប្រពៃណីនៅក្នុងវត្តស្រុកសំពៅលូនតែម្តង៕
ដោយ៖ សំ វិច្ឆិកា