U23ប្រេស៊ីលឡើងប៉ះ U23 អេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិក

ចែករំលែក៖

ក្រុមការពារតំណែងជើងឯក U23 ប្រេស៊ីលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្រោយពីយកឈ្នះក្រុម U23 ម៉ិចស៊ីកូក្នុងលទ្ធផលបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីប្រកួតស្មើគ្នា០ទល់០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរសៀលថ្ងៃទី៣ សីហាម្សិលមិញនេះ។ ចំណែកក្រុមជម្រើសជាតិ U23 អេស្ប៉ាញបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែរក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះជប៉ុន U23 ក្នុងលទ្ធផល១ទល់០ក្នុងម៉ោងបន្ថែម១៥នាទីពីរដង។

ក្រុមជម្រើសជាតិ U23 ប្រេស៊ីលធ្វើបានល្អដោយបានគ្រប់គ្រងបាល់ និងការលេងប្រកបដោយស៊ីចង្វាក់គ្នា ប៉ុន្តែនៅតែមិនអាចធ្វើអ្វីក្រុម U23ម៉ិចស៊ីកូបានរហូតដល់ចប់ការប្រកួត និងឈានចូលដល់ម៉ោងបន្ថែម១៥នាទីពីរដងក៏នៅតែមិនមានគ្រាប់បាល់បញ្ចូលទី។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា០ទល់០ ធ្វើឲ្យអាជ្ញាកណ្តាលក៏បានកាត់សេចក្តីស៊ុតបាល់ប៉េណាល់ទីមួយក្រុម៥គ្រាប់ដើម្បីរកអ្នកឈ្នះ។ ក្រុម U23 ម៉ិចស៊ីកូធ្វើមិនបានល្អ ដោយស៊ុតបាល់ប៉េណាល់ទី៥គ្រាប់ចូលតែ១គ្រាប់ប៉ុណ្ណោះ ខណៈដែលក្រុម U23 ប្រេស៊ីលធ្វើបានល្អដោយ៥គ្រាប់ក្នុងការស៊ុតប៉េណាល់ទី គឺចូល៤គ្រាប់ ធ្វើឲ្យចប់ការប្រកួតប្រេស៊ីលយកឈ្នះម៉ិចស៊ីកូ៤ទល់១។

ចំណែកក្រុមជម្រើសជាតិ ​U23 អេស្ប៉ាញបានយកឈ្នះក្រុមម្ចាស់ផ្ទះ U23 ជប៉ុនក្នុងលទ្ធផល១ទល់០។ ១គ្រាប់របស់ក្រុមអេស្ប៉ាញរកបានដោយកីឡាករ Asensio នៅនាទីទី១១៥ ក្នុងម៉ោងបន្ថែម១៥នាទីពីរដង។

លទ្ធផលនេះធ្វើឲ្យក្រុម U23 ប្រេស៊ីលត្រូវប៉ះក្រុម U23 អេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមយកមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូឆ្នាំនេះ។ ចំណែកក្រុម U23 ម៉ិចស៊ីកូត្រូវប៉ះក្រុមម្ចាស់ផ្ទះ U23ជប៉ុនដើម្បីប្រជែងយកលេខ៣ ដណ្តើមមេដាយសំរិទ្ធិ។ ការប្រកួតដណ្តើមយកលេខ៣នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែសីហា ខណៈដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែសីហាខាងមុខនេះ ៕

  

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print