ខេត្តព្រៃវែង+ស្វាយរៀង៖ នៅថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ ចំនួន ០៦នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម ដែលក្នុងមួយនាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត។
សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, រកឃើញអ្នកឆ្លងថ្មី ៥៨៨ នាក់ទៀត ជាសះស្បើយ៦២៤ នាក់ និងស្លាប់១៩នាក់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះមានករណី:
– ករណីឆ្លងសហគមន៍ ៤២៣ នាក់
– អ្នកដំណើរពីបរទេស ១៦៥ នាក់
គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 80,813 នាក់
– អ្នកជាសះស្បើយ= 74,045 នាក់
– អ្នកស្លាប់= 1,526 នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ មាន ៧៦,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ, សិលា