រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការបង្កើតគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ម្សិលមុិញនេះ បានដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបង្កើតគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកណ្តាល តាមរយៈប្រព័ន្ធ Online Video Zoom ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១១ ក្នុងខេត្ត។

ក្នុងកិច្ចប្រជុំនេះ លោក ណុប ដារ៉ា បានស្នើឲ្យ អាជ្ញាធរក្រុង-ស្រុក ត្រូវរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឲ្យបានត្រឹមត្រូវ សំដៅអនុវត្តន៍ការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវបញ្ជូនរបាយការណ៍ ឲ្យទាន់តាមការកំណត់ និងរាយការណ៍ជាប្រចាំអំពីស្ថានការណ៍នានាក្នុងមូលដ្ឋានខ្លួនមក គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត។

លោកអភិបាលរងខេត្ត បានណែនាំដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានតឹងរឹងបំផុត កុំឲ្យមានការឆកល្វែង និងយោកយល់ចំពោះជនណាដែលមិនចូលរួមគោរពអនុវត្តតាម។

បន្ថែមពីលើនេះលោកក៏បានជម្រុញ ដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ខអំពី ច្បាប់ និងបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងការងារបង្កា និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងណែនាំប្រជាពលរដ្ឋទាំងអស់ ឲ្យនាំគ្នាអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្តន៍ តាមវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print