ប្រធានក្រុមព័ត៌មាននៃវិមានប្រធានាធិបតី និងជាអ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានត្រូវក្រុមតាលីបង់ធ្វើឃាត។ នៅតែជាបញ្ហាប្រឈមមុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលបណ្តាប្រទេសលោកខាងលិចគាំទ្រ ។ សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Dawa Khan Menapal ប្រធានក្រុមព័ត៌មានរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានរងការធ្វើឃាតកាលពីថ្ងៃទី៦ ខែសីហា ក្នុងរដ្ឋធានីកាប៊ុល។ ការធ្វើឃាតលោក Dawa Khan Menapal គឺជាករណីថ្មីបំផុតដែលមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានរងការធ្វើឃាត ។ ការវាយប្រហារទៅលើមន្ត្រីរដ្ឋាភិបាល គឺក្នុងគោលដៅធ្វើឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី Ashraf Ghani មានការជ្រួលច្របល់និងភ័យខ្លាច។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន លោក Ross Wilson បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា លោកពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់លោក Menapal ដែលជាបុគ្គលតែងតែផ្តល់ព័ត៌មានពិតនិងច្បាស់លាស់ដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ។ លោក Wilson បានបង្ហោះលើបណ្តាញសង្គម Twitter ថា «ករណីសម្លាប់មនុស្សខាងលើ គឺជាការរំលោភបំពានយ៉ាងខ្លាំងដល់សិទ្ធិសេរីភាពរបស់មនុស្ស និងសិទ្ធិក្នុងការបញ្ចេញមតិរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន។ មន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានឱ្យដឹងថា ក្រុមភេរវកម្មបានសម្លាប់លោក Menapal នៅក្នុងពិធីបន់ស្រន់កាលពីថ្ងៃសុក្រ។ កាលពីថ្ងៃទី ៤ខែសីហា រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន គឺជាគោលដៅវាយប្រហារនៅក្នុងការបំផ្ទុះគ្រាប់បែកនៅតំបន់បៃតង ដែលមានការយាមល្បាតយ៉ាងតឹងតែងបំផុតក្នុងរដ្ឋធានីកាប៊ុល។ ករណីវាយប្រហារនោះបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ ក្នុងនោះមានភេរវករ៣នាក់ និង របួស២០នាក់៕ដោយ៖ធីរីណា
រូបថត៖Wionews.