សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស អបអរសាទរទិវាអាស៊ាន លើកទី៥៤ ៨ សីហា ២០២១

ចែករំលែក៖

ភ្នំពេញ, សារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១ !
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! បងប្អូន កូនក្មួយ ចៅៗ ជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន!

ថ្ងៃនេះ ជាឱកាសដ៏នក្ខត្តឫក្សសម្រាប់ប្រជាជនអាស៊ានទាំងអស់ ខណៈដែលយើងប្រារព្ធ ខួបលើកទី៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ប្រកប ដោយមោទនភាព។ យើងទាំងអស់គ្នាបានធ្វើដំណើរមកអស់កាលដ៏វែងឆ្ងាយ និងបានរីកចម្រើន គួរជាទីគាប់ចិត្ត ក្នុងគោលដៅជំរុញវឌ្ឍនភាពនៃអង្គការថ្នាក់តំបន់មួយនេះឱ្យទៅជានីតិបុគ្គលមួយ ដែលមានភាពស្អិតរមួតផ្ទៃក្នុង និងយកប្រជាជនជាធំ។ ក្នុងថេរវេលាជាង៥ទសវត្សរ៍មកនេះ អាស៊ានបានពង្រីកសមាជិកភាពរបស់ខ្លួនដោយបានរួមបញ្ចូលគ្រប់ប្រទេសទាំងអស់ លើកលែង តែប្រទេសមួយគត់នៅក្នុងតំបន់ និងបានលើកកម្ពស់ការធ្វើសមាហរណកម្មផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងចំណោមប្រទេសសមាជិក និងជាមួយដៃគូនានា។ អាស៊ានក៏បានបន្តង្រឹង កិត្យានុភាពជាអង្គការតំបន់មួយពោរពេញដោយថាមវន្ត័ និងភាពរស់រវើកបំផុត ក្នុងសាកលលោក លើទិដ្ឋភាពសក្តានុពលសេដ្ឋកិច្ច និងគុណប្រយោជន៍ប្រៀបធៀប។ ក្នុងឆ្នាំនេះ ប្រទេសព្រុយណេ ដែលជាប្រធានប្តូរវេនរបស់អាស៊ាន មានឆន្ទៈជំរុញដំណើរការអាស៊ានឆ្ពោះទៅមុខបន្ថែមទៀត ក្រោមមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលស័ក្តិសមបំផុត ជាមួយនឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសង្គម នាពេល បច្ចុប្បន្ន ដើម្បីឈានឆ្ពោះទៅរកការសម្រេចទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

អាស៊ានត្រូវបានបង្កើតឡើងដើម្បីថែរក្សា និងជំរុញការអភិវឌ្ឍប្រកបដោយភាពសុខសាន្ត និងដើរតួនាទីជាវេទិកាលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ស្មារតីនៃការគោរពគ្នាទៅវិញទៅមកលើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី សមភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលប្រទេសសមាជិកអាស៊ានទាំងអស់បានលើកស្ទួយតាំងពីឆ្នាំ១៩៦៧ ព្រមទាំងគោលការណ៍កុងសង់ស៊ីស នៅតែបន្តជាគោលការណ៍មាគ៌ាជា មូលដ្ឋានសម្រាប់ដំណើរការកសាងសហគមន៍របស់យើង។ ឈរលើហេតុផលនេះ ជានិច្ចជាកាល អាស៊ានគឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនយោបាយការបរទេសរបស់កម្ពុជា។ តាមរយៈក្របខណ្ឌអាស៊ាន យើងមានលទ្ធភាពពង្រីកជាអតិបរមានូវកាលានុវត្តភាព ដើម្បីបង្កើន ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងដៃគូខាង ក្រៅទូទាំងសាកលលោក ក្នុងបុព្វហេតុលើកកម្ពស់សន្តិភាពយូរអង្វែង សន្តិសុខ វិបុលភាព និងការ អភិវឌ្ឍជាតិលើគ្រប់ទិដ្ឋភាព។

ក្នុងនាមជាអង្គការតំបន់ អាស៊ានទទួលបានជោគជ័យនាពេលកន្លងមក ក្នុងការធានាបាន ជូនប្រជាជនរបស់ខ្លួននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍជាបន្តបន្ទាប់។ ខាងផ្នែក សេដ្ឋកិច្ច អាស៊ានសម្រេចបាននូវវឌ្ឍនភាពយ៉ាងធំធេង ដោយបានប្រែក្លាយខ្លួនទៅអំណាចសេដ្ឋកិច្ចដ៏ធំលំដាប់ទី៣នៅទ្វីបអាស៊ី និងលំដាប់ទី៦ នៅក្នុងសាកលលោក។ តែពេលនេះ អាស៊ានកំពុង ប្រឈមមុខនឹងឧបសគ្គយ៉ាងធំនៅក្នុងដំណើររបស់ខ្លួន។ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើង ដោយការផ្ទុះជំងឺរាតត្បាតកូវីដ១៩ ចាប់តាំងពីដើមឆ្នាំ២០២០ មក បានទាញសេដ្ឋកិច្ចតំបន់ និង សាកលលោកឱ្យធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ របស់ប្រជាជន។ ទន្ទឹមនឹងនេះ កំណើននៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការ ប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចដែលបានរីករាលដាលទៅជាសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា បាននិងកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរថែមទៀតដល់សន្តិភាព សន្តិសុខ និងវិបុល ភាពក្នុងតំបន់ទាំងមូល។ នេះយើងមិនទាន់រាប់បញ្ចូលទាំងបញ្ហាប្រឈមមិនប្រពៃណី ដែលមាន ស្រាប់ និងកំពុងលេចឡើងមួយចំនួនទៀតដែលអាស៊ានកំពុងតែជួបប្រទះ មានដូចជាបញ្ហានៃការ វិវត្តផ្លាស់ប្តូរដ៏ឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន ឧក្រិដ្ឋកម្ម ឆ្លងដែន រួមបញ្ចូលទាំងការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងបញ្ហាភេរវកម្ម។ល។

គឺនៅក្នុងបរិបទនេះហើយ ដែលមិនដល់៥ខែទៀតទេ កម្ពុជានឹងទទួលតួនាទីជាប្រធាន ប្ដូរវេនរបស់អាស៊ានជាលើកទី៣ គិតចាប់តាំងពីបានចូលរួមក្នុងសមាគមនេះក្នុងឆ្នាំ១៩៩៩។ ក្នុង អំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការ ដែលផ្ដោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែង ដោយឈរជាមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនា នៅក្នុងអាស៊ាន ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ កាន់តែ សំខាន់ជាងនេះទៅទៀត ដោយមានការគាំទ្រ និងសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រទេសសមាជិក អាស៊ាន និងដៃគូខាងកម្ពុជានឹងខិតខំធានាឱ្យបាននូវការផ្តល់ផលប្រយោជន៍ជាក់ស្តែងជូន ប្រជាជននៅក្នុងតំបន់ទាំងមូលដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។

អាទិភាពចំពោះមុខរបស់យើងនៅពេលនេះ គឺការធានាឱ្យបាននូវលទ្ធផលជាទីគាប់ចិត្ត បន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីងើបចេញឲ្យផុតពីវិបត្តិវីរុសកូវីដ១៩ ជាមួយ នឹងភាពធន់កាន់តែរឹងមាំខ្លាំងក្លា។ ការងារបន្ទាន់របស់យើងគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុង ការអនុវត្តនូវវិធានការនានា ដែលស្ថិតក្រោមយុទ្ធសាស្ត្រទូលំទូលាយទាំង៥នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដែលរួមមាន៖ (១) ការពង្រឹងប្រព័ន្ធសុខាភិបាល (២) ការពង្រឹងសន្តិសុខមនុស្សជាតិ (៣) ការពង្រីកសក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ (៤) ការពន្លឿនផ្នែកព័ត៌មានឌីជីថលប្រកបដោយ បរិយាប័ន្ន និង (៥) ការបោះជំហានឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងភាពធន់រឹងមាំ។

កម្ពុជាមានគោលបំណងជំរុញដំណើរការកសាងសហគមន៍អាស៊ាន ដោយផ្តោតលើការ សម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្តួចផ្ដើមសំខាន់ៗដែលបានឯកភាពរួចហើយ ក្រោមផែនការ លម្អិតនៃសហគមន៍ទាំងបីរបស់អាស៊ាននៅឆ្នាំ២០២៥ ក្នុងនោះរួមមានផែនការមេស្តីពីការតភ្ជាប់ អាស៊ានឆ្នាំ២០២៥ និងផែនការការងារដំណាក់កាលទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរកម្ម អាស៊ាន។ ទន្ទឹមនេះ យើងប្តេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់សម្រាប់ ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្កើតនូវផលប្រយោជន៍ជា អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលទើបបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។

នៅពេលដែលយើងត្រៀមការងារមូលដ្ឋាន សម្រាប់រៀបចំចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ កម្ពុជានឹងបន្តជំរុញឲ្យសហគមន៍អាស៊ានកាន់តែមានភាពរស់រវើក និងសុខដុម រមនាថែមទៀត។ យើងនឹងព្យាយាមលើកកម្ពស់ការការពារពលករចំណាកស្រុក និងបង្កើនការគាំទ សម្រាប់របៀបវារៈស្តីពីការអភិវឌ្ឍបៃតង និងប្រកបដោយបរិយាប័ន្ន។ ការផ្លាស់ប្ដូរទៅរកការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រូតូច និងមធ្យម (MSMEs) និង សហគ្រិនភាពរបស់ស្ត្រី និងយុវជន គឺជាវិស័យដែលយើងត្រូវយកចិត្តទុកដាក់។ សហគ្រាសខ្នាតមីកូតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងតំបន់របស់យើង ហើយតំណាងឲ្យ ៩៩% នៃស្ថាប័ន ធុរកិច្ចទាំងអស់ ដែលភាគច្រើនជាកម្មសិទ្ធិរបស់ស្ត្រី (៦០% នៅក្នុងប្រទេសកម្ពុជា) និងបានផ្តល់ ការងារសម្រាប់កម្លាំងពលកម្មជាង៨០% នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ ដូច្នេះ ការគាំទ្រ ដល់វិស័យទាំងនេះ មិនត្រឹមតែជួយដល់ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាមិនឲ្យយើងមានការខកខានក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ខណៈដែលមានការទទួលស្គាល់កាន់តែច្រើនថាស្រ្តីមានតួនាទីលើសពីការងារអភិវឌ្ឍ សេដ្ឋកិច្ចសង្គម កម្ពុជានឹងជំរុញការគាំទ្រលើរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ លើសពី នេះទៀត យើងប្រាថ្នាលើកកម្ពស់កិត្តិនាមរបស់អាស៊ានក្នុងឆាកអន្តរជាតិ និងការចូលរួមចំណែក យ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាព និងការកសាងសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ តាមរយៈសកម្មភាពនានា ដូចជាសកម្មភាពមនុស្សធម៌លើវិស័យមីន ដែលមជ្ឈមណ្ឌលតំបន់ អាស៊ានសម្រាប់សកម្មភាពមីន អាចដើរតួនាទីសំខាន់។

កម្ពុជាពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការដែលមានទស្សនៈសម្លឹងឆ្ពោះទៅពិភព ខាងក្រៅ។ នៅពេលដែលយើងខិតខំផ្សារភ្ជាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ឱ្យក្លាយជាគ្រួសារដ៏ រឹងមាំមួយ យើងក៏នឹងខិតខំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតជាមួយដៃគូខាងក្រៅផងដែរ ដោយឈរលើស្មារតីសមភាព ផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជានឹងខិតខំស្វែងរកលទ្ធភាពក្នុងការលើកកម្ពស់ភាពជាដៃគូ ជាមួយដៃគូសន្ទនាអាស៊ានដែលមានស្រាប់ និងពង្រីកបញ្ជីដៃគូខាងក្រៅរបស់អាស៊ាន ដោយផ្អែក លើគោលការណ៍នានារបស់អាស៊ាន រួមទាំងនៅក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដើម្បីជម្នះនូវនិន្នាការភូមិសាស្ត្រនយោបាយអវិជ្ជមាន យើងប្តេជ្ញាលើកកម្ពស់របៀបវារៈ ដែលជំរុញ ស្មារតីសហប្រតិបត្តិការ និងគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាភាពស្ងប់ក្សេមក្សាន្ត និងវឌ្ឍនភាព ក្នុងតំបន់។

ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ពេលដែលយើងបង្ហូតទង់អាស៊ាននៅថ្ងៃនេះ គ្រប់គ្នានឹងចងចាំ នូវដំណើរដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់អស់ជាងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ និងមាន មោទនភាពក្នុងនាមជាប្រជាជនអាស៊ាន ចាប់តាំងពីការក កើតអង្គការនេះមក។ នៅពេលដែល យើងបន្តដំណើររួមគ្នាទៅមុខ ខ្ញុំមានជំនឿជឿជាក់ថា អាស៊ានត្រៀមលក្ខណៈបានយ៉ាងល្អ ក្នុងការ ជម្នះរាល់បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដើម្បីគូសបញ្ជាក់សាជាថ្មីថា យើងមានការ ប្តេជ្ញាចិត្ត និងសមត្ថភាព ក្នុងការពង្រឹង និងលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់សម្រាប់សុខុមាលភាពប្រជាជនរបស់យើង។

ជាទីបញ្ចប់ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេន ថ្វាយ និងជូនពរដល់ព្រះថេរានុត្ថេរៈគ្រប់ ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនកូនក្មួយ ចៅៗ ជនរួមជាតិទាំងអស់ សូមឲ្យបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖  សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print