ខេត្តកណ្តាល, រសៀលថ្ងៃអាទិត្យ ១៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុកអង្គស្នួល និងមន្រ្តីពាក់ព័ន្ធ ដោយមានការចូលរួមពីលោក លោកស្រីក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុកអង្គស្នួល ចុះត្រួតពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ចំនួនពីរទីតាំង៖ ទីតាំងសាលាបឋមសិក្សាអង្គពពាយ ឃុំម្កាក់ និងទីតាំងសាលាបឋមសិក្សាថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ដើម្បីរៀបចំត្រៀមទទួលពលករខ្មែរមកពីប្រទេសថៃតាមព្រំដែនគោក ធ្វើចត្តាឡីស័ក ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ក្នុងសហគមន៍។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៥៥៦នាក់ទៀត ជាសះស្បើយ ៧៥០នាក់ និងស្លាប់ ២៥នាក់៖
– ករណីឆ្លងសហគមន៍ ៤០២នាក់
– អ្នកដំណើរពីបរទេស ១៥៤នាក់
គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 81,891 នាក់
– អ្នកជាសះស្បើយ= 75,495 នាក់
– អ្នកស្លាប់= 1,562 នាក់ ៕