ខេត្តកណ្ដាល: ប្តីប្រពន្ធ២នាក់ត្រូវបានសមត្ថកិច្ចស្រុកមុខកំពូលធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យទាំង២នាក់នេះបានបង្ខាំងមនុស្សខុសច្បាប់កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៣និង០០នាទី នៅចំណុចផ្ទះជនសង្ស័យក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តស្វាយរៀង។ ចំណែកជនសង្ស័យ២នាក់(ប្ដីប្រពន្ធ)ជាម្ចាស់ផ្ទះ
ទី១-ឈ្មោះ សុឹម វិរៈ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជា ជាងដែក(ឃាត់ខ្លួន)និងទី២-ឈ្មោះ ថន សោរ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ(ឃាត់ខ្លួន) ។ អ្នកទាំង២មានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ដោយឡែកវត្ថុតាងចាប់យកមានខ្សែនីឡុងពណ៌សប្រវែង២ម៉ែត្រចំនួន១ខ្សែ។
ប្រភពដដែលបន្តថា រយៈពេល២ខែមកហើយ ជនរងគ្រោះបានមកស្នាក់នៅជាមួយជនសង្ស័យធ្វើការជាកម្មករជាងដែកឱ្យជនសង្ស័យ ហើយជនសង្ស័យមិនដែលបើកប្រាក់ខែឲ្យទៅជនរងគ្រោះនោះទេ ពេលជនរងគ្រោះទារបើកប្រាក់ខែជនសង្ស័យបានឆ្លើយប្រាប់ជនរងគ្រោះថា៖ ឯងស្នាក់នៅស៊ីចុករាល់ថ្ងៃជាមួយអញៗគ្មានប្រាក់ខែឯណាបើកឲ្យទេ។ ពេលឮជនសង្ស័យប្រាប់ដូច្នេះជនរងគ្រោះតូចចិត្តណាស់ក៏ចេះតែដើរផឹកស៊ីស្រែកឡូឡា ហើយកន្លងមកជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធតែងតែវាយធ្វើបាបជនរងគ្រោះជាច្រើនដង នៅពេលដែលជនរងគ្រោះផឹកស្រាស្រវឹង។ លុះមកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះបានទិញស្រាថ្នាំយកមកផឹកនៅលើផ្ទះជនសង្ស័យតែម្នាក់ឯងរហូតដល់វេលាម៉ោង២១ ជនរងគ្រោះក៏មានភាពស្រវឹងហើយបាននិយាយឡូឡា ពេលនោះជនសង្ស័យឈ្មោះ ថន សោរ បានឃាត់តែជនសង្ស័យមិនស្ដាប់ ហើយក៏ទូរស័ព្ទទៅប្រាប់ជនសង្ស័យឈ្មោះ ស៊ឹម វីរៈ ដែលត្រូវជាប្តីរបស់ខ្លួនអំពីសកម្មភាពរបស់ជនរងគ្រោះ ។ លុះដល់វេលាម៉ោង២២ៈ០០នាទី ជនសង្ស័យឈ្មោះ ស៊ឹម វិរៈ ក៏បានមកដល់ផ្ទះ ពេលនោះជនរងគ្រោះក៏បានជេរបញ្ចោរជនសង្ស័យ ហើយជនសង្ស័យបានឃាត់តែជនរងគ្រោះនៅតែមិនស្ដាប់ រហូតដល់វេលាម៉ោង២៣ ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធក៏បានចាប់ជនរងគ្រោះ ហើយយកខ្សែគោពណ៌សប្រវែង២ម៉ែត្រទៅចងជនរងគ្រោះភ្ជាប់នឹងសសរផ្ទះ ហើយអ្នកជិតខាងឃើញហេតុការណ៍នេះក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស។ ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងប្រជាការពារ ចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យទាំងពីរនាក់មកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានយកខ្សែនីឡុងពណ៌សចងជនរងគ្រោះភ្ជាប់នឹងសសរផ្ទះរបស់ខ្លួនពិតមែន។
ករណីនេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ