មន្រ្តី​ជំនាញ​​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ៖​ បង្ក្រាប និង​រឹបអូស​ឈើ​រាប់សិប​កំណាត់ ខណៈ​ក្រុម​ឈ្មួញ​​ដឹកជញ្ជូន​ពី​ព្រៃ​យកមក​ស្តុក​ទុក​

ចែករំលែក៖

ខេត្តព្រះវិហារ​៖ បើយោងតាមការបញ្ជាក់ពីលោក នួន សុខុម​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ បានឱ្យដឹងថា​ លោកបានដឹកនាំ​មន្ត្រី​ផ្នែក​ព្រៃឈើ​រវៀង ដោយ​សហ​ការណ៍​ជាមួយកម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ដែលមាន​ការចូលរួម​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ជាច្រើនរូប ​នៅ​រសៀល​ថ្ងៃទី​៧ សីហា ឆ្នាំ​២០២១​ម្សិលមិញនេះ​ បានចុះបង្ក្រាប និង​រឹបអូស បាន​ឈើ​ជ្រុង​រាប់សិប​កំណាត់ និង​ឧបករណ៍​កែច្នៃ​ឈើ​មួយចំនួន ស្ថិតនៅ​ក្នុងភូមិ​សុច ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។​

លោក នួន សុខុម​​ បានបន្តថា​ នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​បទ​ល្មើស​ព្រៃ និង​ធនធានធម្មជាតិ​ខាងលើនេះ​ ដោយ​ក្រោម​កិច្ចសម្របសម្រួលពីលោក ថុល គឹម​ហ៊ឹង​ ​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា៖ មាន​ឈ្មួញ​មួយក្រុម​តូច បានធ្វើ​សកម្មភាព​ប្រើប្រាស់​រថយន្ត​ទំនើបៗ ចូល​ដឹកជញ្ជូន​ឈើ​នៅក្នុង​តំបន់​ខាងលើ​នោះ យ៉ាង​អនាធិបតេយ្យ ទាំងយប់​ទាំង​ថ្ងៃនោះ​រួចមក​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រូប​នេះ​ បានបញ្ជាក់បន្ថែមថា ក្រោយ​ទទួលបាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំងជំនាញ​​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​សហ​ការណ៍​ជាមួយកម្លាំង​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ដែលមាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្តៅ និង​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ជាច្រើនរូប បាន​ចុះ​ទៅកាន់​ទីតាំង​ស្តុក​ទុក​ឈើ ៣ ទៅ​៤​ទីតាំង និង​បាន​រកឃើញ​សុទ្ធតែ​ឈើ​ជ្រុង ប្រភេទ​ឈើ​ឈ្លីក​រាប់សិប​កំណាត់ ហើយក៏​បានធ្វើការ​រឹបអូស និង​ដឹកជញ្ជូន​យកមក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​ចងក្រង​សំណុំរឿង ចាត់ការ​តាមច្បាប់​។

សូមជម្រាបថា​ បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ នៅក្នុង​ដែន​ព្រៃ​អភិរក្ស​នៃ​ខេត្តព្រះវិហារ ត្រូវ​គេ​បាន​សង្កេតឃើញថា នៅតែ​រង​ការកាប់​បំផ្លិចបំផ្លាញ អារ ពុះ និង​ច្រៀក​ជា​ស៊ីឡាំង​៤​ជ្រុង ពី​អ្នកស៊ីឈ្នួល​កាប់​ឈើ​លក់​ឲ្យ​ក្រុម​ឈ្មួញ​ដែលមាន​លុយ និង​មាន​ខ្នងបង្អែក​គ្រាក់ៗ​នៅ​ពីក្រោយ ដើម្បី​ដឹកជញ្ជូន​យកទៅ​ធ្វើ​ជំនួញ ដោយ​ផ្គើន​ទៅនឹង​បទបញ្ជា​របស់សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​។​ ខណៈ​ក្រុម​ឈ្មួញ​មួយក្រុម​ផ្សេងទៀត ដែល​គេ​ស្គាល់​ថា ជា​ក្រុម​ឈ្មោះ ភ័ក្ត្រ នៅ​ខេត្តកំពង់ធំ បាន​ប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើបៗ ប្រមាណ​៨​គ្រឿង ចូលមក​ដឹកជញ្ជូន​ឈើ​នៅ​ក្នុងភូមិ​សុច និង​ភូមិ​តា​សែង ស្រុក​សង្គម​ថ្មី អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ៕

...

​ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print