ភ្នំពេញ៖ តារាចម្រៀងមាស សុខសោភា ត្រូវបានប្រកាសជាផ្លូវការចូលច្រៀងក្នុងផលិតកម្មរាមរបស់អ្នកជំនួញល្បីឈ្មោះអ្នកនាងស្រីអូនកាលពីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១ ។ នាងថាធ្លាប់លើកឡើងនៅពេលនោះថានៅផលិតកម្មរាម នាងមានសុវត្ថិភាព សន្តិភាពផ្លូវចិត្ត ហើយការចុះកុងត្រាផ្លូវការពេលនេះគឺចុះកុងត្រាដោយបេះដូង។
ក្រោយពីប្រកាសចូលច្រៀងក្នុងផលិតកម្មរាម ទើបនឹងបានកន្លះឆ្នាំប៉ុណ្ណោះ តារាចម្រៀង មាស សុខសោភា បានបញ្ចេញសា្នដៃបទចម្រៀងថ្មីជាច្រើនបន្តបន្ទាប់ និងទទួលបានការគាំទ្រច្រើនដដែលពីទស្សនិកជន។ បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃបរិបទជំងឺកូវីដ១៩ ដែលនាង និងក្រុមការងារផលិតមិនអាចចេញផលិតជាMV ដើម្បីបំពេញចិត្តអ្នកគាំទ្របានច្រើនមែន ប៉ុន្តែស្នាដៃដែលស្ថិតក្រោមការសម្រិតសម្រាំងពីអ្នកនិពន្ធ បានធ្វើឲ្យនាងរក្សាបានលំនឹងទីផ្សារខ្លាំងដដែល។ បំពេញចិត្តអ្នកគាំទ្រតារាចម្រៀងល្បីឈ្មោះជាង១ទសវត្សរ៍រូបនេះ បានបញ្ជាក់ថានាងត្រៀមបញ្ចេញស្នាដៃថ្មីៗរួមទាំងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ផងដែរ។ តារាស្រីរូបនេះបានបញ្ជាក់ថា នាងបានបញ្ចេញបទច្រៀងមនោសញ្ចេតនាប្រមាណ១០បទរួចមកហើយកាលពីពេលកន្លងទៅ ប៉ុន្តែមិនសូវជាបានបញ្ចេញបទចម្រៀងបែប MVនោះទេ ព្រោះតែក្រុមការងារមានសមាជិកច្រើនដូចនេះត្រូវការពាររៀងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទោះជាយ៉ាងណា នាងនៅតែបន្តរក្សាការបញ្ចេញស្នាដៃថ្មីមួយចំនួនក្នុងពេលដ៏ខ្លីខាងមុខរួមទាំងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ផងដែរដែលនាងរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជនជាក់ជាមិនខាន។
ទោះជាយ៉ាងក្នុងបរិបទនៃជំងឺកូវីដ១៩ តារាច្រៀងជាច្រើនខកខានក្នុងការបញ្ចេញបទចម្រៀងថ្មី និងការងារសិល្បៈមួយចំនួន ប៉ុន្តែថ្មីៗនេះនាងក៏ត្រូវបានប្រកាសអំពីការបំពេញការងារជាតារាតំណាងសម្រាប់ផលិតផលមួយ និងមុខជំនួញថ្មីផ្ទាល់ខ្លួនផងដែរ៕
ដោយ៖ វឌ្ឍនា