ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃពុធទី១១ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែសីហាម្សិលមិញនេះ មានដូចខាងក្រោម៖
កាអនុវត្តវិធានការច្បាប់មានចំនួន ៩៤១ករណី៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ១,៦៨២នាក់
២.ឃាត់យានយន្ត ចំនួន ៨១១គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ៤៦,១០០,០០០រៀល។
គួរជម្រាបថា ដោយអនុវត្តតាមសារាចរលេខ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល និងសេចក្តីសំរេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញ វិធានការរដ្ឋបាលនៅភូមិសាស្រ្តរាជធានីភ្នំពេញសម្រាប់រយៈពេល ១៤ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បើតាមលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់បានមានប្រសាសន៍ថា ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត។ មិនតែប៉ុណ្ណោះអ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ គឺម៉ូតូ២០ម៉ឺនរៀល រថយន្ត១លានរៀល។
គួរបញ្ជាក់ថា ដោយគិតពីសុខភាពនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានចេញសេចក្តីសម្រេចបិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដបំប្លែងថ្មីនេះ។ ទេីបរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខណៈដែលជំងឺនេះបាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ៕
ដោយ៖សហការី