ខេត្តស្វាយរៀង៖ ក្រុមគ្រួសារមានចិត្តសប្បាយរីករាយនិង អគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដោយបានខិតខំជួយសម្រាលកូនដល់កូនស្រីគាត់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ។
យោងតាមអាខោនហ្វេសបុករបស់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល សូមធ្វើការអបអរសាទរស្ត្រីផ្ទៃពោះគ្រប់ខែចំនួន១នាក់ឈ្មោះ សុិន សំណាង អាយុ ៣៣ ឆ្នាំអាស្រ័យដ្ឋាន ភូមិ អង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយចូលសម្រាកព្យាបាលនៅថ្ងៃទី០៤ខែសីហាឆ្នាំ២០២១ ក្នុងស្ថានភាព ផ្ទៃពោះគ្រប់ខែ(៣៩សប្តាហ៍)កូនទី០២។
ដោយគោរព និងអនុវត្តតាមបច្ចេកទេសនូវគោលការណ៍ស្តង់ដាការពារខ្លួន បានពិនិត្យ ថែទាំ ព្យាបាលមួយរយៈកន្លងមក ស្ត្រីខាងលើបានឈឺពោះសម្រាលបានកូនស្រីម្នាក់ ទម្ងន់ ៣១៥០ ក្រាម វេលាម៉ោង៨:៣០ នាទីព្រឹក ម៉ោងនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ថ្ងៃទី ១០ខែសីហាឆ្នាំ២០២១ ។
ស្ថានភាពក្រោយសម្រាលម្តាយ និងកូនង៉ែតមានសុខភាពល្អ កំពុងតាមដានបន្តពីសំណាក់ក្រុមគ្រូពេទ្យ។
សូមបញ្ជាក់ជូនបន្ថែមផងដែរថា ទារិកាខាងលើក្រោយសម្រាល ត្រូវបានក្រុមគ្រួសារឯកភាពសុំយកទៅចិញ្ចឹម(បៅដោះគោ)ជាមួយឪពុកនៅផ្ទះ។
-រោគវិច្ឆ័យ៖ សម្រាលកូនធម្មតាគ្រប់ខែ (៣៩សប្តាហ៍)+ Positive COVID-19 ។
នេះជាករណីទី៨ ហើយសម្រាប់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួលដែលបានជួយសង្គ្រោះសម្រាលកូនជូនស្រី្តមានផ្ទៃពោះហើយមានវិជ្ជមានមេរោគកូវីត-១៩ ។
ប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារសូមអរគុណដល់ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបច្ចេកទេសក្នុងការថែទាំ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជាសះស្បើយ និងអប់រំសុខភាពការរស់នៅតាមបែបគន្លងថ្មីសំដៅការទប់ស្កាត់ និងបង្ការការរីករាលដាលនៃឆ្លងជំងឺឆ្លងផ្សេងៗ ជាពិសេសគឺជំងឺកូវីដ-១៩។៕
ដោយ៖ យឹម សុថាន