សារព័ត៌មាន AP បានផ្សាយថា កាលពីថ្ងៃទី១១ខែសីហាក្រុមតាលីបង់ បានដណ្តើមគ្រប់គ្រងខេត្តចំនួន៣ទៀតដែលជួយឲ្យក្រុមតាលីបង់គ្រប់គ្រងបាន២ភាគ៣នៃទឹកដីអាហ្វហ្គានីស្ថាន ។ ជាមួយគ្នានេះដែរតាមការវាយតម្លៃរបស់ក្រុមចារកម្មអាមេរិក ក្រុមតាលីបង់នឹងដណ្តើមបានសិទ្ធិគ្រប់គ្រងទាំងស្រុងទឹកដីអាហ្វហ្គានីស្ថានក្នុងរយៈពេល ៩០ថ្ងៃ ក្រោយអាមេរិកដកទាហានចេញអស់។ សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីមន្ត្រីការពារជាតិអាមេរិកដែលមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រុមខ្មាន់កាំភ្លើងតាលីបង់អាចនឹងដណ្តើមបានសិទ្ធិគ្រប់គ្រងរដ្ឋធានីកាប៊ុលក្នុងរយៈពេលតែ៣០ថ្ងៃប៉ុណ្ណោះ ហើយដណ្តើមគ្រប់គ្រងទឹកដីទាំងស្រុងក្នុងរយៈពេល៩០ថ្ងៃ។ នៅពេលនេះកម្លាំងតាលីបង់បានឡោមព័ទ្ធរដ្ឋធានីកាប៊ុល ត្រៀមលក្ខណៈវាយប្រហារ ក្រោយអាមេរិកដកទាហានចេញនៅចុងខែសីហានេះ។ នេះជាព័ត៌មានថ្មីស្តីពីការវាយតម្លៃរបស់ក្រុមចារកិច្ចអាមេរិកស្តីពី រដ្ឋធានីកាប៊ុលអាចនឹងត្រូវធ្លាក់ចូលក្នុងដៃក្រុមតាលីបង់ ក្នុងពេលឆាប់ៗនេះ ។ ក្រុមតាលីបង់បានបើកការវាយប្រហារ ហើយទទួលបានជោគជ័យនៅគ្រប់សមរភូមិ។ កាលពីថ្ងៃទី១០ ខែសីហា មន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប បានឱ្យដឹងថា ក្រុមតាលីបង់បានដណ្តើមគ្រប់គ្រង៦៤%នៃទឹកដីអាហ្វហ្គានីស្ថាន ហើយកំពុងតែពង្រីកការគ្រប់គ្រងបន្ថែមទៀត ។ កាលពីថ្ងៃទី១០ ខែសីហា ប្រធានាធិបតីបៃឌិនបានប្រកាសថា លោកមិនសោកស្តាយពេលដកទាហានចេញពីអាហ្វហ្គានីស្ថាននោះឡើយ ហើយលោកក៏បានប្រាប់ទៅរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ឱ្យតស៊ូការពារទឹកដីរបស់ខ្លួន (ខ្លួនទីពឹងខ្លួន)៕ដោយ៖ធីរីណា
រូបថត៖AP.