ខេត្តបាត់ដំបង÷ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង បញ្ជល់មាន់១ករណី ហើយបានឃាត់ខ្លួនមនុស្សចំនួន៦នាក់និងរឹបអូសវត្ថុតាងជាច្រើន។
ប្រតិបត្តិការបង្រ្កាបល្បែងបញ្ជល់មាន់នេះប្រព្រឹត្តទៅនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១
ស្ថិតនៅចំណុចជីរក ភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាការណែនាំរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងផងដែរ។
ជាមួយនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន
-ម៉ូតូចំនួន ០៣គ្រឿង
-មាន់ជល់ចំនួន ០៥ក្បាល
-ស៊ុំមាន់ចំនួន ០២
-សង្វៀនសម្រាប់ជល់មាន់ចំនួន ០១ និងជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួន ០១ ។
ក្រោយឃាត់ខ្លួន
អ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន ៦នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាចាត់កាតាមនីតិវិធី ៕