អាជ្ញាធរខណ្ឌជ្រោយចង្វាចុះរុះរើសំណង់របស់លោកជា ស៊ុនហាក់ ដែលសង់​រំលោភ​ច្រាំង​ទន្លេ និង​ដី​ស្ថានីយ​បូក​ទឹក

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វាបានចុះរុះរើសំណង់របស់លោកជា ស៊ុនហាក់ ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​​ជ្រោយចង្វា ខណ្ឌ​ជ្រោយ​ចង្វា ដែលបាន​សាងសង់​រំលោភ​ច្រាំង​ទន្លេ និង​ដី​ស្ថានីយ​បូក​ទឹក កាល​​ព្រឹក​ថ្ងៃ​ទី​២៥ មីនា ២០១៦ ដែលប៉ះពាល់ច្រាំងទន្លេនិងស្ថានីយ៍បូមទឹកល្អក់នៅមុខរោងចក្រផលិតទឹកស្អាតជ្រោយចង្វា ។

ការចុះរុះរើសំណង់ខាងលើនេះបន្ទាប់ពីអាជ្ញាធរចេញសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារពោលគឺរឿងនេះបានកើតឡើងកាលពីឆ្នាំ២០០៥ មកម្លេះហើយបានដាក់កំណត់រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២១ខែមីនាឆ្នាំ២០១៦នេះ។

បើតាមសម្តីលោកហាក់ វុទ្ធី អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃរដ្ឋករទឹកស្វ័យតភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី២១សីហាឆ្នាំ២០១៥ បានធ្វើសំណើរសុំអន្តរាគមន៍និងទប់ស្កាត់ពីលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចំពោះការសំណង់លំនៅដ្ឋាននិងរបងថ្មនៅជិតស្ថានីយ៍បូមទឹកល្អក់មុខរោងចក្រផលិតទឹកស្អាតជ្រោយចង្វា ដោយអះអាងថា ស្ថានភាពបែបនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់ដំណើរការបូមទឹកទន្លេក៏ដូចជាគុណភាពទឹក ដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល ។ ប៉ុន្តែមកដល់ពេលនេះម្ចាស់សំណង់នៅតែផ្គើនទៅនឹងអាជ្ញាធរហើយរត់រកខ្នងបង្អែកឱ្យជួយអន្តរាគមន៍ទាំងខុសច្បាប់ មិនព្រមអនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរឡើយ។

លោក ហាក់ វុទ្ធី បានបញ្ជាក់ទៀតថា ការលួចសង់របងដែកសំណង់រឹងនេះបានធ្វើឲ្យទឹកទន្លេរាក់ គោកប៉ះពាល់ដល់រោងចក្រផលិតទឹកស្អាតរបស់រដ្ឋ ដែលមានតួនាទីយ៉ាងសំខាន់ លើការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋទូទាំងខណ្ឌ និងប្រជាពលរដ្ឋ៧០ភាគរយ ទូទាំងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៦គណៈកម្មការចំរុះដែលដឹកនាំដោយលោកហ៊ុយ សារុន អភិបាលរងខណ្ឌជ្រោយចង្វាបានជូនដំណឹងនិងធ្វើកំណត់ហេតុតម្រូវឱ្យម្ចាស់សំណង់រុះរើខ្ចូសដែលសង់លយចូលមាត់ទន្លេ តែម្ចាស់សំណង់មិនបានអនុវត្តតាមនោះទេ ។

អាជ្ញារធរចុះពិនិត្យនិងជូនដំណឹងនេះបន្ទាប់ពីប្រតិកម្មពីខាងរោងចក្រផលិតទឹកស្អាតធ្វើការប្តឹងផ្តល់ទៅអាជ្ញាធរសង្កាត់ និងខណ្ឌ និងសាលារាជធានីភ្នំពេញ ជាយូរមកហើយ ដែលបានក្លាយជាជំងឺរាំុរ៉ៃ ដោះស្រាយមិនចេញទើបតែពេលនេះអាជ្ញាធរបានជូនដំណឹងហើយដាក់ឱសានវាទត្រឹមថ្ងៃទី២១ខែមីនាឆ្នាំ២០១៦ ដើម្បីឱ្យលោកជា ស៊ុនហាក់ រុះចេញឱ្យអស់ត្រឹមថ្ងៃទី២១មីនានូវសំណង់ដែលសង់លយចូលមាត់ទន្លេ ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថានីយ៍បូមទឹកល្អក់មុខរោងចក្រផលិតទឹកស្អាតជ្រោយចង្វា មានទីតាំងនៅភូមិ២ សង្កាត់ខណ្ឌជ្រោយចង្វា បើមិនដូច្នេះទេអាជ្ញាធរនឹងប្រើវិធានការរដ្ឋបាលរុះរើដោយកម្លាំងសមត្ថកិច្ចហើយមិនទទួលខុសត្រូវរាល់ការខូចខាតឬបាត់បង់ទ្រព្យសម្បត្តិឡើយ។

គួរបញ្ជាក់ថា កន្លងមកអាជ្ញាធរខណ្ឌជ្រោយចង្វាបានចេញសេចក្តីជូនដំណឹងនិងដាក់ឱសានវាតឱ្យរុះរើចេញជាច្រើនលើកច្រើនសារមកហើយ តែមិនបានលទ្ធផលឡើយដោយគាត់មិនអនុវត្តតាមអ្វីដែលជាសេចក្តីជូនដំណឹងរបស់អាជ្ញាធរ ប៉ុន្តែពេលនេះអាជ្ញាធរនឹងប្រើធម៌ក្តៅចំពោះការយកច្រាំងទន្លេធ្វើជាកម្មសិទ្ធិរបស់ខ្លួនឱ្យខានតែបាន ៕

image1

image2

image3

image4

image5

image6

image7

ដោយ៖ ជ្រោយពេជ្រ

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print