ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក ដោយមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ។
យោងតាមរបាយការណ៍របស់មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ ហ៊ឹម សុភាព ហៅ ជា សុភាព អាយុ៥១ឆ្នាំ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូង បានបើកការសាកសួរជនសង្ស័យអស់រយៈពេល២ថ្ងៃ ទើបបានចោទប្រកាន់ជាផ្លូវការ។
បេីតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងនៅល្ងាចថ្ងៃទី១៣ ខែសីហាម្សិលមិញនេះថា៖ តំណាងអយ្យការទទួលបន្ទុក បានបើកការស៊ើបសួររួចរាល់ហើយ និងបានចោទប្រកាន់ជនសង្ស័យពីបទឆបោក ដោយមានស្ថានទម្ងន់ទោស តាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ។
គួររម្លឹកថា កម្លាំងសមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានចាប់ឃាត់បញ្ជូនខ្លួនជនសង្ស័យខាងលេីនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដែលសំណុំរឿងនេះ បានស្ថិតនៅលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងបើការស៊ើបសួរ។ បន្ទាប់ពីតំណាងអយ្យការ បានចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនោះ ត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ទើបចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបុរសនោះដាក់ពន្ធនាគារជាបណ្តោះអាសន្នតែម្តង។
គួរបញ្ជាក់ថា ជុំវិញករណីខាងលេីនេះដែរ យោងតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា៖ ជនជាប់ចោទមានមុខរបរជាអ្នករត់ម៉ូតូឌុប ប៉ុន្តែរូបគេបានបន្លំខ្លួនដើរតួធ្វើជាមន្ត្រីបម្រើការងារនៅអង្គភាពACU ដោយបានយកតួនាទីនោះទៅគំរាមយកប្រាក់ពីមន្ត្រីរាជការសាធារណៈថ្នាក់ស្រុក និងខេត្ត រហូតបែកធ្លាយមានពាក្យបណ្តឹង ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ទើបឈានដល់ការឃាត់ខ្លួនបុគ្គលរូបនេះ បញ្ជូនទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី