ខេត្តព្រះសីហនុ៖ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃសៅរ៍ទី១៤ ខែសីហា ឆ្នាំ២០២១នេះថា៖ កម្លាំងនគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ ជាអ្នករត់តាក់ស៊ី ពាក់ពន្ធករណីប្រើអំពើហិង្សាដោយចេតនាទៅលើអ្នកដទៃ (បើករថយន្តវ៉ាជែង និងកាក់ម៉ូតូចុះវាយប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ) រួចបញ្ជូនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែល បានបន្តថា ជនដៃដល់ឈ្មោះ មុត រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នករត់តាក់ស៊ី មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ា ផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកលក់ដូរ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (រងរបួសហើមថ្គាមទាំងសងខាង និងហើមប្រអប់ដៃខាងស្តាំ) ។
ប្រភពដដែល បានបន្ថែមទៀតថា យោងតាមដំណើររឿងមុនពេលកេីតហេតុ នៅវេលាម៉ោង៣ និង៣០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ នៅតាមដងផ្លូវមុខសាលាគរុកោសល្យ ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ មានករណីប្រើអំពើហិង្សាមួយ បង្កឡើងដោយបុរសម្នាក់ជាអ្នករត់តាក់ស៊ី បានធ្វើសកម្មភាពបើករថយន្ត១គ្រឿង ម៉ាក MAZDA ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8801 យ៉ាងលឿន វ៉ាជែងអ្នកដំណើរពេញផ្លូវ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន ខឹងសម្បារមានការមិនពេញចិត្ត ក៏បានស៊ីផ្លេរដាក់ព្រមទាំងស្រែកជេរ ទៅលើជនដៃដល់តែម្តង។
ភ្លាមនោះជនដៃដល់ បានបើករថយន្តដល់ចំណុចមុខសាលាគរុកោសល្យ ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏បានកាក់ម៉ូតូ១គ្រឿងកំពុងជិះឱ្យឈប់ បន្ទាប់មកជននេះ បានចុះពីរថយន្ត រួចប្រើដៃរុញទៅបុរសដែលជិះម៉ូតូនោះឱ្យដួលទៅលើដី និងបានវាយថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់មកកម្លាំងនគរបាលជំនាញទទួលផែនការងារព្រហ្មទណ្ឌ បានចុះទៅដល់រួចឃាត់ខ្លួនជនសង្ស័យជាមួយរថយន្តមួយគ្រឿងផងដែរ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួនអ្នករត់តាក់ស៉ីជេីងខ្លាំងរូបនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សហការី