តាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin Yassin នឹងលាលែងចេញពីតំណែងនៅថ្ងៃទី១៦ខែសីហានេះ ក្រោយពេលលោកបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ដោយសារតែវិវាទផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ។ ការលាលែងចេញពីតំណែងរបស់លោក Muhyiddin Yassin នឹងបញ្ចប់រយៈពេល១៧ខែនៃការកាន់អំណាចពោរពេញដោយវិវាទក្រោយការឡើងដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ី ។ តាមគម្រោងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១៦ខែសីហា។ ក្រោយមក លោកនាយករដ្ឋមន្ត្រីនឹងចូលគាល់ព្រះមហាក្សត្រ ហើយលាលែងចេញពីតំណែងតែម្តង។ ប៉ុន្តែមកទល់នឹងពេលនេះ លោក Muhyiddin មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Malaysiakini នៅឡើយទេ។ ពាក់ព័ន្ធនិឹងស្ថានភាពកូវីដ-១៩ ម៉ាឡេស៊ីជាប្រទេសមានករណីឆ្លងកូវីដ-១៩ឈរលំដាប់ទី៨ ក្នុងទ្វីបអាស៊ី ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះរកឃើញករណីឆ្លងកូវីដ ១៩ ដល់ទៅជាង២ម៉ឺននាក់ និងស្លាប់២៨២នាក់ ។ សរុបអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់ទៅជាង១,៤លាននាក់ និងស្លាប់ជាង ១២,៥ពាន់នាក់៕ដោយ៖ធីរីណា
រូបថត៖AP.