ភ្នំពេញ ៖ យុវតីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងយុវជនម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯយុវតីម្នាក់ទៀតទទួលរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ
រថយន្តបុកមួយគ្រឿងជិះគ្នាបីនាក់ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខកន្លែងលក់សាច់ក្រក ក្នុងសង្កាត់កំបូល ខណ្ឌកំបូល កាលពីម៉ោង១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
សមត្ថកិច្ចបានអោយដឹងថា អ្នករងគ្រោះដល់ស្លាប់ មាន ឈ្មោះ ស្រី ឆយ អាយុ១៨ឆ្នាំ មុខរបរ ធ្វើការនៅហាងកញ្ចុះ ស្នាក់នៅជិត ភ្នំបាសិដ្ឋ មានស្រុកកំណើត នៅខេត្តបាត់ដំបង។ ឈ្មោះ ស្រី នីត ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ និងស្នាក់នៅដូចគ្នា មានស្រុកកំណើត នៅខេត្តបាត់ដំបង រងរបួសធ្ងន់។ ចំណែកឈ្មោះ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ធ្វើការជាមួយគ្នា មានស្រុកកំណើត នៅខេត្តបាត់ដំបង រងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូម៉ាកហុងដា ប៊ីត ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AL.9661 ជិះឌុបគ្នា ៣ នាក់។
រថយន្តបង្ក ម៉ាក តូយ៉ូតា កូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A.4705 អ្នកបើកមានឈ្មោះ ធី ភេទប្រុស អាយុ ៤០ ឆ្នាំជាង មុខរបរ ធ្វើការផ្នែកសិល្បៈ រស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបើករថយន្ត ក្នុងស្ថានភាព ស្រវឹងស្រា។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កធ្វើដំណើរតាមផ្លូវជាតិលេខ៤ក្នុង ទិសដៅពីកើត ទៅលិចយ៉ាងលឿន និងមិនបើកភ្លើង។ ខណៈមកដល់ចំណុច កើតហេតុ រថយន្តបានរេចង្កូត មកខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូ ដែលធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្ដាលឲ្យយុវតីម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ បណ្តាលអោយយុវជនម្នាក់ស្លាប់ ជាអ្នកបើកម៉ូតូ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីបានមកវាស់វែង យករថយន្តបង្ក និងម៉ូតូ ព្រមទាំងអ្នកបើករថយន្ត ទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ