ភ្នំពេញ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន Guo Streng Medical Suppliers Co.,Ltd ឧបត្ថម្ភឧបករណ៍តេស្តកំហាករហ័សចំនួន ៩៦០ ទឹកពិសារបរិសុទ្ធចំនួន ៥០កេស ទឹកថ្នាំសម្លាប់មេរោគចំនួន ១០កាន និងមីចំនួន ៣០កេស ដើម្បីឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ និងអគុណចំពោះក្រុមហ៊ុន Guo Streng Medical Suppliers Co.,Ltd ដែលបាននាំយកអំណោយមនុស្សធម៌ជាសម្ភារបំរើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយ សកម្មមភាពនៃការចែករំលែកនេះ ជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត សង្ឃឹមនិងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា លោក លោកស្រី បន្តជួយឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ៕
ដោយ៖សហការី