នគរបាល​ពោធិ៍សែនជ័យ​ក្របួច​ចោរ​ឆក់​ ២នាក់​ក្នុង​ចំណោម​គ្នាជិត១០នាក់​ក្រោយ​ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទពលរដ្ឋនៅ​មុខ​វត្ត​ពោធិ៍វ័ន

ចែករំលែក៖

​ភ្នំពេញ​៖ ​បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃអង្គារទី​១៧​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា​ កម្លាំង​ជំនាញ​បានឃាត់ខ្លួនជនសង្ស័យ​២នាក់​ក្នុង​ចំណោម​បក្ខពួក​៧​នាក់​ដែលជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​​ចេញ​ធ្វើ​សកម្មភាព​ឆក់​យកទូរស័ព្ទ​ពី​អ្នកដំណើរ​តាម​ដងផ្លូវ​បាន​សម្រេច​ ហើយ​​​ព្យាយាម​ជិះរត់គេចខ្លួន​។​ ប៉ុន្តែ​​ភ្លាមៗ​នោះកម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានដេញ​តាម​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​​បាន២​នាក់ រីឯ​បក្ខពួក​ចំនួន​​៥​នាក់​ទៀត​បានគេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។
ប្រភពដដែល​បន្តថា​ ករណី​ខាងលើ​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀលថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅចំណុច​មុខ​ខ្លោងទ្វារវត្ត​ពោធិ៍​វ័ន តាម​ដងមហាវិថី​ឈ្នះ​=ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
ជនសង្ស័យ​ទាំង​២នាក់​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​ ម្នាក់​ឈ្មោះ​ឆឹង ស៊ី​​ណា​រ៉េ​ត​ភក្ត្រា ភេទប្រុស អាយុ​ប្រហែល​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ជន​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​យកទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ផ្លូវ​បាន​សម្រេច​ចំនួន​៣​លើក​រួច​មក​ហើយ​។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ​ហៃ ចាន់​រស្មី ភេទប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​​ភូមិ​តា​ងួ​នទី​១ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ​។​ នគរបាល​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ប៊ីត​ ព​ណ៍៌សលាយ​ខ្មៅ​។

គួរជម្រាបថា​ នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​រួម​ជាមួយ​បក្សពួក​៥​នាក់​ទៀត​ បាន​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​ចេញ​ធ្វើ​សកម្មភាព​ឆក់​នៅ​តាម​មហាវិថី​ឈ្នះ​=ឈ្នះ​។ ​លុះ​ជិះមក​ដល់​ត្រង់​ចំណុច​មុខ​ខ្លោងទ្វារវត្ត​ពោធិ៍​វ័ន ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យកទូរស័ព្ទ​ពី​អ្នកដំណើរ​តាម​ផ្លូវ​ បានសម្រេច​​ រួច​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួនតែម្តង​។​ ស្របពេល​នោះ​ ​មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​បាន​ប្រទះ​ឃើញ​សកម្ម​​ភាព​​ផ្ទាល់​ ក៏​បានជិះម៉ូតូដេញ​តាមពីក្រោយ​និង​ស្រែក​ប្រកា​សតាម​វិទ្យុទាក់ទង​ទៅ​កាន់​គោលដៅ​​ ដេីម្បី​ពួនស្ទាក់បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល ​ទើប​ចាប់​បាន​២​នាក់​ជា​បន្តបន្ទាប់ ចំណែក​បក្ខពួក​៥​នាក់​ទៀត​ជិះ​ម៉ូតូ​៣​គ្រឿង​គេចខ្លួន​បាត់​ស្រមោល​។

បច្ចុប្បន្ន​ជនសង្ស័យ​​ទាំង​២​នាក់​ ត្រូវ​បាន​នគរបាល​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​សំរោង​ក្រោម​ ​ដើម្បី​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បក្ខពួក​ដែល​កំពុង​រត់គេច​ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមនីតិវិធី​ច្បាប់​៕​

...

ដោយ​៖សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print