ផឹកស្រាស្រវឹងបែកគំនិតដុតម៉ូតូឆេះម៉ត់និងវាយប្រពន្ធរបួសដៃ

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យ​ម្នាក់​ផឹកស្រាស្រវឹងជោកជាំ បែកគំនិតរករឿងប្រពន្ធរហូតឈានដល់វាយប្រពន្ធរបួសហើមដៃ និងដុតម៉ូតូឆេះខូចខាតអស់ទាំងស្រុង ធ្វើឲ្យប្រពន្ធទ្រាំពុំបានក៏ប្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនប្តីអគតិនេះតែម្ដង ។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី នៅចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រឿង វណ្ណា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្រពន្ធ) មានរបួសដៃ។ចំណែកជនសង្ស័យឈ្មោះ ចាប ប៉ក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា(ត្រូវជាប្ដី) ។
ប្រភព​ដដែលបន្តថា កន្លងមកឱ្យតែជនសង្ស័យផឹកស្រាស្រវឹងគឺតែងតែរករឿងជនរងគ្រោះជាប្រពន្ធជាញឹកញាប់ ដោយជេរប្រមាថឡូឡា ស្រែកសម្លុតគំរាម និងជួនកាលឈានដល់ការប្រើប្រាស់អំពើហិង្សាទៀតផង ។លុះមកដល់ថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនសង្ស័យត្រឡប់មកពីផឹកស៊ីវិញ មកដល់ផ្ទះក្នុងស្ថានភាពស្រវឹងជោកជាំក៏មានទំនាស់ពាក្យសម្តីនឹងគ្នាជាមួយប្រពន្ធ ហើយភ្លាមនោះជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះចំនួន៣ដៃ ចំខ្នង និងកញ្ចឹង.កពីក្រោយ និងបានយកកៅអីជ័រខវាយសំដៅទៅលើជនរងគ្រោះបន្ថែមទៀត តែជនរងគ្រោះបានលើកដៃរង បណ្ដាលឲ្យមានរបួសហើមដៃ ។ ក្រោយពីបានប្រើហិង្សាលើប្រពន្ធរបស់ខ្លួនរួច ជនសង្ស័យក៏បានប្រមូលខោអាវរបស់ខ្លួន យកទៅគរពីលើម៉ូតូ ហើយបានយកភ្លើងដុតបណ្ដាលឱ្យឆេះម៉ូតូខ្ទេចអស់ទាំងស្រុងតែម្ដង ។
ដោយទ្រាំនឹងទង្វើរបស់ប្ដីខ្លួនមិនបាន ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំឲ្យជួយធ្វើអន្តរាគមន៍ ។
ក្រោយពេលទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី ។
កន្លងមកជនសង្ស័យធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលស្អាងភ្នំធ្វើកិច្ចសន្យាអប់រំចំនួន ០១លើក កាលពីឆ្នាំ២០១២ ក្នុងករណីហិង្សាក្នុងគ្រួសារផងដែរ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print