ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួមជាអធិបតីក្នុងពិធីប្រគល់អណ្តូងស្នប់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹ ខេត្តកណ្តាល។
សូមជម្រាបជូនថា អណ្តូងស្នប់ទឹកស្អាត ដែលបានប្រគល់ជូនប្រជាពលរដ្ឋ នាពេលនេះជាអំណោយរបស់ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ និងលោកស្រី ខឹម បុប្ផា នាយិការក្រុមហ៊ុន ប៊ីម៉ា រៀលអ៊ីសស្ទេត តាមរយៈលោក តេង រិទ្ធី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល មានចំនួន០៧អណ្តូង ក្នុងនោះ ០៣អណ្តូងបានប្រគល់ជូនប្រជាពលរដ្ឋកំពុងមានការខ្វះខាតទឹក នៅក្នុងភូមិកាប់លាវ ឃុំទ្រា ភូមិស្លែង ឃុំត្រពាំងវែង ភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង និង០៤អណ្តូងទៀតនឹងប្រគល់ជូនប្រជាពលរដ្ឋរស់នៅភូមិទាំង០៤ នៃឃុំឈ្វាំង ស្រុកពញាឮ។ ក្នុងនោះដែរ លោក និងលោកជំទាវ ក៏បានចូលរួមឧបត្ថម្ភ អង្ករចំនួន១,៦០០គ.ក ,មី១៦០កេស,ទឹកត្រី១៦០យួរ, អង្ករសុខភាពចំនួន ៨០០កញ្ចប់ ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៦០គ្រួសារ នៅក្រុងតាខ្នៅ និងស្រុកស្អាង ដែលសរុបជាថវិកាសរចំនួន ៦៦,៤០០,០០០ (ហុកសិបប្រាំមួយលាន បួនរយពាន់) រៀល ផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក គង់ សោភ័ណ្ឌ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ លោក និង លោកស្រី ដែលបានខិតខំស្វែងរកប្រភពថវិកា ដើម្បីចូលរួមសម្រាលបន្ទុក ជាមួយរដ្ឋបាលខេត្តកណ្តាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត និងសូមប្រសិទ្ធពរជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កន្លងមកមួន និងជោគជ័យគ្រប់ភារកិច្ច។
ស្ថិតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានយកអំណោយ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋចំនួន៦៥គ្រួសារ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២០គ.ក មី០១កេស ទឹកស៊ីអ៊ីវ០១យួរ ត្រីខកំប៉ុង០១យួរ ម៉ាស់០១ប្រអប់ និងថវិកា៤០,០០០(សែសិបពាន់) រៀល៕
ដោយ៖សហការី