ភ្នំពេញ, លោកព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១, លោក សុង ប៊ុណ្ណារិទ្ធ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានី ភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោស អតីតមន្ត្រីក្រសួងកសិកម្មម្នាក់ ដាក់ពន្ធនាគារ កំណត់ ១៨ ខែ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល ក្រោមការចោទប្រកាន់ពីបទ « ជេរប្រមាថ ជាសាធារណៈ និងញុះញង់ អោយមានការរើសអើង» ។ នេះបើយោងតាមមាត្រា ៣០៧ មាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។ សាលក្រមនេះ បើកផ្លូវប្ដឹងឧទ្ធរណ៍ តាមកំណត់ច្បាប់ បើជនត្រូវចោទ មិនសុខចិត្តនឹងសេចក្ដីសម្រេច របស់តុលាការ ។
សូមជម្រាបជូនថា, បុគ្គលឈ្មោះ នីណាក់ ដែលតុលាការបានផ្ដន្ទាទោសនៅថ្ងៃនេះ គឺជាសកម្មជនមួយរូប របស់ក្រុមគណបក្សប្រឆាំង តែងបង្កើតនូវព័ត៌មានមិនពិត បំភ្លើស បំភ្លៃ បំពុលសង្គម ក្នុងចេតនាឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ម្ដងហើយម្ដងទៀត ដោយគ្មានភាពរាងចាល។
លោក នី ណាក់ ត្រូវបានចៅក្រមសាលាដំបូង រាជធានីភ្នំពេញ លោក ហុង សុគុណវឌ្ឍានា សម្រេចកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដាក់ពន្ធនាគារតាមការ ចោទប្រកាន់ របស់តំណាង អយ្យការ ពាក់ព័ន្ធនិងបទល្មើស ជេរប្រមាថ ជាសាធារណៈ និងញុះញង់អោយមានការរើសអើង ។
លោក នី ណាក់ ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ IMan-KH ដែលកន្លងទៅ តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និងស្ថាប័នរដ្ឋមួយចំនួន ជាញឹកញាប់ ហើយចុងក្រោយនេះ គឺបានឌឺដង ឬ ផ្គើននឹងប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធការប្រៀបធៀប ការពាក់ម៉ាស់អោយសត្វមាន់ នៅក្នុងកសិដ្ឋានរបស់លោក នៅពេលដែលវីរុសកូវីដ១៩កំពុងយាយីពិភពលោក ទាំងមូល ។
កន្លងទៅគេចាត់ទុកថា ជាយុវជនមួយរូបដែលមានចំណេះដឹង មានគំនិតពង្រីកសេដ្ឋកិច្ចតាមរយៈកសិកម្ម បង្រៀន។ តែចុងក្រោយយុវជនរូបនេះ ក្លាយជាទំពាំងស្អុយ មានគំនិតទុច្ចរិតបង្កើតឲ្យមានភាពច្របូកច្របល់ក្នុងសង្គម ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ច្រឡំ បន្ទាប់ពីរូបគេ បានងប់ងល់នឹងនយោបាយបម្រើឲ្យក្រុមកញ្ជះបរទេស៕
ដោយ, សិលា