កាលពីថ្ងៃទី១៨ខែសីហា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ដែលកំពុងរស់នៅក្នុងប្រទេសអារ៉ាប់រួម បានលើកឡើងថា លោកគាំទ្រដល់ការពិភាក្សារវាងក្រុមតាលីបង់ និងអតីតមន្ត្រីរដ្ឋាភិបាល ។ លោក Ghani ក៏បានច្រានចោលការចោទប្រកាន់ថា លោកបានយកប្រាក់ជាច្រើនរត់ចេញទៅក្រៅប្រទេស។
លោក Ghani បានបញ្ជាក់ថា ការដែលលោកចាកចេញពីប្រទេសគឺដើម្បីបញ្ចៀការបង្ហូរឈាម ។ នៅក្នុងឃ្លីបវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម Facebook លោក Ghani បញ្ជាក់ថា លោកមិនមានបំណងរស់នៅក្រៅប្រទេសនោះឡើយ ។ នៅពេលនេះ លោក កំពុងតែពិភាក្សា ស្តីពីការវិលត្រឡប់មកកាន់ប្រទេសជាតិវិញ។
លោក Ghani បន្តទៀតថា លោកកំពុងតែខិតខំដើម្បីការពារ ការគ្រប់គ្រងរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ទៅលើប្រទេសជាតិរបស់ខ្លួន ប៉ុន្តែលោកមិនបញ្ជាក់ឲ្យបានលម្អិតនោះឡើយ។
ជាមួយគ្នានេះដែរ អារ៉ាប់រួម បានប្រកាសថា ការទទួលលោក Ghani គឺជាសកម្មភាពមនុស្សធម៌ ។ លោk Ghani បញ្ជាក់ថា «បច្ចុប្បន្ន ខ្ញុំកំពុងតែរស់នៅក្នុងប្រទេសអារ៉ាប់រួម ដើម្បីបញ្ចៀសការបង្ហូរឈាម។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោកបៃឌិន បានបញ្ជាក់នៅថ្ងៃទី ១៨ខែសីហាថា កម្លាំងទាហានអាមេរិកអាចបន្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលវេលាកំណត់ចុងក្រោយ ថ្ងៃទី៣១ខែសីហា ដើម្បីបន្តការពារនិងជម្លៀសពលរដ្ឋអាមរិក ។ មន្ទីរបញ្ចកោណអាមរិកបានបញ្ជាក់ថា នៅពេលនេះទាហានអាមេរិក មិនទាន់បានជួបពលរដ្ឋអាមេរិក ដែលនៅខាងក្រៅអាកាសយានដ្ឋាន ទីក្រុងកាប៊ុល នៅឡើយទេ៕ ដោយ៖ធីរីណា