អតីតប្រធានក្រុមបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានប្រាប់កីឡាករឱ្យលុបបណ្តាញសង្គម, លុបអត្តសញ្ញាណ និងលុបរូបថតដើម្បីសុវត្ថិភាព

ចែករំលែក៖

អតីតប្រធានក្រុមកីឡាបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានបានជម្រុញឱ្យកីឡាការិនីទាំងអស់លុបបណ្តាញសង្គម, លុបអត្តសញ្ញាណសាធារណៈនិងដុតសំភារៈរបស់ពួកគេដើម្បីសុវត្ថិភាពនាពេលនេះ ព្រោះប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់ម្តងទៀត។

អតីតកីឡាការិនី Khalida Popal ដែលកំពុងស្នាក់នៅទីក្រុងកូប៉ិនហាកបានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍វីដេអូមួយនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហាថា ពួកសកម្មប្រយុទ្ធបានសម្លាប់ រំលោភ​និងគប់ដុំថ្មលើស្ត្រីកាលពីអតីតកាល ហើយកីឡាបាល់ទាត់ស្ត្រីភ័យខ្លាចថាអនាគតនឹងមានអ្វីកើតឡើងម្តងទៀត។

សហស្ថាបនិកនៃលីកបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានបាននិយាយថា នាងតែងតែប្រើសំលេងរបស់នាងដើម្បីលើកទឹកចិត្តដល់យុវនារីឱ្យឈររឹងមាំ ក្លាហាន ប៉ុន្តែឥឡូវនេះនាងមានសារផ្សេង។ នាងបាននិយាយថា “ថ្ងៃនេះខ្ញុំកំពុងហៅពួកគេហើយប្រាប់ពួកគេដកឈ្មោះរបស់ពួកគេ, ដកអត្តសញ្ញាណចេញ, ដករូបថតរបស់ពួកគេចេញដើម្បីសុវត្ថិភាពពួកគេ។ នោះគឺជាការឈឺចាប់សម្រាប់ខ្ញុំ សម្រាប់នរណាម្នាក់ក្នុងនាមជាសកម្មជនម្នាក់ដែលបានក្រោកឈរ​ ហើយធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីសម្រេច និងទទួលបានអត្តសញ្ញាណនោះក្នុងនាមជាកីឡាករជម្រើសជាតិស្ត្រី។ ការធ្វើនេះដើម្បីទទួលបានសិទ្ធិលេង និងតំណាងឱ្យប្រទេសរបស់យើង តើយើងមានមោទនភាពប៉ុណ្ណា”។

ក្នុងអំឡុងពេលនៃការគ្រប់គ្រងឆ្នាំ១៩៩៦-២០០១ ដឹកនាំដោយច្បាប់អ៊ីស្លាមតាលីបង់បានបញ្ឈប់ស្ត្រីមិនឱ្យធ្វើការ។ ក្មេងស្រីមិនត្រូវបានអនុញ្ញាតឱ្យទៅសាលារៀនទេ ហើយស្ត្រីត្រូវស្លៀកពាក់បិទជិតពេលចេញទៅក្រៅដោយតម្រូវឲ្យមានសាច់ញាតិជាបុរសរួមដំណើរជាមួយទើបអាចចេញក្រៅបាន។ អ្នកដែលល្មើសច្បាប់ពេលខ្លះទទួលរងនូវភាពអាម៉ាស់ និងការវាយដំជាសាធារណៈដោយប៉ូលីសសាសនារបស់តាលីបង់។ ប៉ុន្តែក្រុមតាលីបង់បែរជានិយាយថា ពួកគេនឹងគោរពសិទ្ធិស្ត្រីក្នុងក្របខ័ណ្ឌច្បាប់អ៊ីស្លាម។

Popal បានបន្តថា កីឡាបាល់ទាត់បានអនុញ្ញាតឱ្យស្ត្រីមានជំហររឹងមាំចំពោះសិទ្ធិរបស់ពួកគេ និងដើម្បីប្រឆាំងនឹងអ្នកដែលធ្វើឱ្យពួកគេនៅស្ងៀម។ ពួកគេខ្លាចណាស់ ពួកគេព្រួយបារម្ភ ពួកគេខ្លាចមិនត្រឹមតែកីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មជនផងដែរ ពួកគេគ្មាននរណាម្នាក់ត្រូវទៅរកការការពារដើម្បីសុំជំនួយប្រសិនបើពួកគេមានគ្រោះថ្នាក់ចំពោះស្ថានភាពពេលនេះ។  អ្នកនាំពាក្យរបស់ FIFA បាននិយាយថា ស្ថាប័នកីឡាបាល់ទាត់ពិភពលោកបានចែករំលែកការព្រួយបារម្ភ និងការអាណិតអាសូរជាមួយអ្នកដែលរងផលប៉ះពាល់ដោយស្ថានភាពវិវត្តនេះ។ អ្នកនាំពាក្យ FIFA បានអះអាងថា “យើងកំពុងទាក់ទងជាមួយសហព័ន្ធកីឡាបាល់ទាត់អាហ្វហ្គានីស្ថាន និងភាគីពាក់ព័ន្ធផ្សេងទៀត ហើយនឹងបន្តតាមដានស្ថានភាពក្នុងស្រុក និងផ្តល់ការគាំទ្ររបស់យើងនៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ” ៕ (រូបភាព ៖ Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print