ខេត្តបាត់ដំបង, បើយោងតាមគោរពរាយការណ៍ពីមន្ទីរព័ត៌មានខេត្តបាត់ដំបង ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់អោយដឹងថា,នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បងប្អូនប្រជាកសិករម្ចាស់ចម្ការផ្លែមៀន (តាង៉ែន )នៅក្នុងឃុំ រស្មីសង្ហា បានត្អូចត្អែថា៖ កសិផលរបស់ខ្លួនបានជួបបញ្ហាគ្មានទីផ្សារ គ្មានការប្រមូលទិញពីឈ្មួញ ធ្វើឱ្យបាត់បង់នូវទុនរបស់ខ្លួនក្នុងការផលិត ។ តាមសំណូមពររបស់ប្រជាកសិករ សុំឱ្យរាជរដ្ឋាភិបាលជួយរកទីផ្សារក្រៅប្រទេសដោយផ្ទាល់ និងបង្កើតរោងចក្រកែឆ្នៃកសិផលក្នុងស្រុក ដើម្បីជួយដល់ជីវភាពប្រជាកសិករធានាដល់ការដាំដុះបានយូរអង្វែង ។
បងប្អូនកសិករបានលើកឡើងដូចនេះក្នុងឱកាស នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធការល័យសម្តេចតេជោ និងលោកអភិបាលខេត្តបាត់ដំបង រួមមានអង្គភាពជំនាញមួយចំនួនទៀត បានចុះជួយប្រមូលទិញផ្លែមៀន (តាង៉ែន)របស់បងប្អូនប្រជាកសិករជាម្ចាស់ចំការដោយផ្ទាល់ ក្នុងភូមិសាស្រ្ត ពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា, នាថ្ងៃទី១៩ខែសីហានេះ តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសំរាលថ្លៃដើមក្នុងការផលិតរបស់ប្រជាកសិករ ដោយឱ្យក្រុមការងារទទួលទិញក្នុងតម្លៃស្រុះស្រួលគ្នាដល់ចំការរបស់បងប្អូន ដែលព្រមព្រៀងគ្នា១គីឡូក្រាមតម្លៃ ១.៨០០រៀល ។
នាយឧត្តមសេនីយកិត្តិបណ្ឌិត បានបញ្ជាក់ថាការប្រមូលទិញនាពេលនេះមិនមែនយកទៅជួញដូរនោះទេ គឺសម្តេចតេជោឱ្យក្រុមការងារនាំយកទៅផ្តល់ជូនកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទអង្គភាពជួរមុខនិងនៅតាមមន្ទីរពេទ្យ មណ្ឌលចត្តាឡីស័កនានាបានទទួលទានផងដែរ. ។
បងប្អូនប្រជាកសិករម្ចាស់ចម្ការបានសំដែងនូវក្តីសង្ឃឹមនិងរីករាយ ជាពិសេសថ្លែងអំណរគុណសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានជួយសម្រាលការលំបាកនិងប្រមូលបានទុនមួយផ្នែកមកវិញ ធ្វើឱ្យពួកគាត់មានលទ្ធភាពធ្វើការផលិតបន្តទៀត បាន។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងនាមអាជ្ញាធរខេត្ត និង ជួសមុខឲ្យប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ដែលជាម្ចាស់ចំការ មៀន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ដែលបានជួយដោះស្រាយបញ្ហានេះចំកាលៈទេសៈ ក្នុងពេលកសិករជួបការលំបាកនិងជម្ងឺរាតត្បាតកូវីដផងនោះ ក៏ដូចជាទីផ្សារកសិផល ផ្លែមៀន ចង្អៀតជាងមុន ក្នុងការនាំចេញទៅក្រៅប្រទេស និងបានធ្វើឱ្យប្រជាកសិករអស់ក្តីបារម្ភតាមរយៈការប្រមូលទិញពីក្រុមការងាររបស់សម្តេចតេជោ ៕
ដោយ, សិលា