ទីក្រុងបាងកក ប្រទេសថៃ ៖ នៅវេលាម៉ោង ៣និង ០០នាទីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១ ក្រសួងទេសចរណ៍បានបង្ហោះលើ page ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា, នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញ លោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការលើវិស័យទេសចរណ៍កម្ពុជា-ថៃ ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោក សុខ សុក្រឹត្យា បានជម្រាបជូនលោករដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ ពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងខឿនសុខមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស និងទេសចរអន្តរជាតិ ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៨៥% ចំពោះមនុស្សដែលមានអាយុពី ១៨ឆ្នាំឡើងទៅ និង ៣២% ចំពោះយុវវ័យ និងកុមារដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។
លោកក៏បានជម្រាបភាគីថៃ ពីការខិតខំប្រឹងប្រែងរបស់ រាជ រដ្ឋាភិបាលក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេស ជនជាតិថៃ ដែលនឹងអញ្ជើញមកទស្សនាកម្ពុជានាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ស្រាកស្រាន្ត។ ឯកឧត្តមក៏បានស្នើសុំភាគីថៃ ដូចខាងក្រោម៖
– បង្កើនការផ្តល់អាហារូបករណ៍ទេសចរណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជា
– ជំរុញផ្នែកឯកជនថៃចូលរួម ATF 2022 នៅខេត្តព្រះសីហនុឲ្យបានច្រើន
– បង្កើនកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាសម្រាប់ទេសចរបរទេស
– ជំរុញចលនាទេសចរណ៍បើកបរឆ្លងដែន (Self Driving-Tour)
– ជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMEC លើការប្រើប្រាស់ទិដ្ឋាការទោល (Single Visa) សម្រាប់ទេសចរបរទេសនៃប្រទេសទី៣ មកទស្សនាកម្ពុជា និងថៃ
– បង្កើនការផ្សព្វផ្សាយគោលដៅដៅទេសចរណ៍ ព្រះរាជាណាចក្រពីរ គោលដៅតែមួយ (Two Kingdoms One Destination) ។
ឆ្លៀតក្នុងឱកាសនោះ លោក សុខ សុក្រឹត្យា ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ថៃ ចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF 2022) នៅខេត្តព្រះសីហនុ។ ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ បានទទួលយកការ អញ្ជើញនេះ ព្រមទាំងបានសន្យាថា នឹងបង្កើនការផ្តល់អាហារូបករណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជាបន្ថែមទៀត និងនាំយក សំណើដ៏ទៃទៀតទៅពិនិត្យ និងបន្តផ្តល់កិច្ចសហការឲ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយជាមួយកម្ពុជា ។
បន្ទាប់ពីបញ្ចប់ជំនួបជាមួយលោក Phiphat Ratchakitprakarn លោក សុខ សុក្រឹត្យា ក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសាព័ត៌មានថៃ និងបរទេស អំពីសុខសន្តិភាព ស្ថិរភាពនយោបាយ-សេដ្ឋកិច្ច និងការអភិវឌ្ឍលើ គ្រប់វិស័យ ជាពិសេស កម្ពុជាមានច្បាប់វិនិយោគថ្មីដ៏ល្អបំផុតនៅក្នុងតំបន់ ដែលបានមកពីការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកក៏បានស្នើសុំឱ្យអ្នកសារពត៌មានខាងលើ ជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងវេទិកាទេសចរណ៍អាស៊ាន (ATF 2022) ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ទៅកាន់ព្រះរាជាណាចក្រថៃ និងបណ្តាប្រទេសជាមិត្តទាំងក្នុង និងក្រៅតំបន់។ ជាការឆ្លើយតប ក្រុមអ្នកសារព័ត៌មានខាងលើ បានសន្យាជួយកម្ពុជាក្នុងការបន្តផ្សព្វផ្សាយពី សម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏ល្អឯករបស់កម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត៕
ដោយ, សិលា