វៀតណាមជាប្រទេសទប់ស្កាត់ការឆ្លងកូវីដ ១៩ បានយ៉ាងល្អបំផុតក្នុងតំបន់អាស៊ាន ក៏ដូចជានៅជុំវិញពិភពលោក។ ប៉ុន្តែ នៅពេលនេះអត្រាអ្នកឆ្លងនៅប្រទេសវៀតណាម បានបំបែកកំណត់ត្រាជាបន្តបន្ទាប់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក វៀតណាម រកឃើញករណីឆ្លង រហូតដល់ «១០,៦៥៧ករណី» និងស្លាប់៣៩០នាក់ទៀត។ សារព័ត៌មាន VietNam News នៅយប់ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ បានដកស្រង់ការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាមនៅយប់ថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១០,៦៥៧ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់មួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៧ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៣,៣៧៥នាក់។នៅក្នុងថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៩០នាក់ទៀតផងដែរ។ គិតត្រឹមយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៣២,២៦៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៣២,៨១៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៧,៥៤០នាក់៕
ដោយ៖ធីរីណា
យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ កំពុងត្រូវបានពន្លឿនទូទាំងប្រទេស។ រូបភាព៖kinhtedothi.vn