ភ្នំពេញ, នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកពីវឌ្ឍនភាពនៃការដាំឈើជាលក្ខណៈឧស្សាហកម្ម របស់ក្រុមហ៊ុនខេម៉ាហ្គ្រា អ៊ិនវេមេន គ្រុប នៅកម្ពុជា ! ហើយបញ្ជាក់ថា, ការចូលរួមដាំឈើដោយវិស័យឯកជនជាកត្តាចាំបាច់ក្នុងការជំរុញធ្វើឲ្យសម្រេចបានគោលដៅយុទ្ធសាស្ត្រជាតិលើវិស័យព្រៃឈើ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពតាមរយះកំណែទម្រង់វិស័យព្រៃឈើ ដើម្បីផ្តល់ជាប្រយោជន៍ពិតប្រាកដសម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានខិតខំធ្វើកិច្ចការជាច្រើនតាមគ្រប់រូបភាពរួមមាន ការជំរុញការអភិវឌ្ឍន៍ចម្ការឈើដាំទាំងរដ្ឋ ឯកជន និងដៃគូសហការដាំឈើឯកជន-រដ្ឋ រួមទាំងកម្មវិធីលើកទឹកចិត្តនានាដល់អ្នកវិនិយោគថែមទាំងបានផ្សព្វផ្សាយទូលំទូលាយដល់វិស័យឯកជន សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ ឬបុគ្គលជាលក្ខណៈគ្រួសារ ឱ្យមានការចាប់អារម្មណ៍ខ្ពស់ទៅលើការវិនិយោគលើការដាំឈើ ព្រមទាំងផ្តល់នូវការធានាសិទ្ធិ ទាំងការដាំឈើ ប្រមូលផលឈើ និងជួយរកទីផ្សារផលិតផលឈើ និងការធានាផ្តល់ប្រឹក្សាបច្ចេកទេសលើការងារដាំឈើផងដែរ ក្នុងបំណងធ្វើយ៉ាងណាឱ្យវិសាលភាពលើចលនាចូលរួមពីគ្រប់ស្រទាប់មហាជន ទទួលបានការគាំទ្រខ្ពស់ និងទទួលជោគជ័យលើដំណើរការអនុវត្ត។
យោងតាមស្ថិតិវិស័យព្រៃឈើ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ នៅឆ្នាំ២០២០ បានឲ្យដឹងថា៖
មានសហគមន៍ព្រៃឈើចំនួន ៦៣៨ កន្លែង ស្ថិតក្នុងខេត្តចំនួន២១ គ្របដណ្តប់លើផ្ទៃដីសរុបទំហំ ៥១៨ ៧៧០ ហត និងមានសមាជិកសរុបចំនួន១៦៩៧១៥គ្រួសារក្នុងនោះ ១) បានទទួលបានការអនុម័តពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន៥២០ សហគមន៍ មានផ្ទៃដីទំហំ ៤៤៤ ៨៥៣ ហត ។ ២) បានចុះកិច្ចព្រមព្រៀង ចំនួន ៤៤០ សហគមន៍ ដែលមានផ្ទៃដីទំហំ ៣៦២ ២៣៦ហត និង ៣) មានផែនការទទួលយកការគ្រប់គ្រង ចំនួន១០៣ សហគមន៍ ដែលមានផ្ទៃដីទំហំ ៧០ ៩៩០ហត ។
មានស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ ចំនួន ៨០ ទីតាំង ស្ថិតក្នុងខេត្តចំនួន ១៩ មានផ្ទៃដីសរុបទំហំ ៥០០ ១៧៨ ហតក្នុងនោះ ១៦ ទីតាំង មានប័ណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំ ១០៦ ៥២២ ហត ។
មានក្រុមហ៊ុនដាំឈើដៃគូសហការ និងលក្ខណៈគ្រួសារចំនួន ១០ កន្លែង ក្នុងនេះមានការដាំឈើដៃគូសហការមានចំនួន ៧ ទីតាំង ក្រុមហ៊ុន និងដាំឈើជាលក្ខណៈគ្រួសារចំនួន ៣ ទីតាំង លើផ្ទៃដីសរុបទំហំ ១០២ ១០៨ ហត ។
ការដាំឈើក្នុងសម្បទានដីសេដ្ឋកិច្ច មានចំនួន ១៧ ទីតាំង(ក្រុមហ៊ុន) គ្របដណ្តប់លើផ្ទៃដីចំនួន ២៨០ ៨៧០ ហត ។
នៅក្នុងចំណោមក្រុមហ៊ុនដែលទទួលបានសម្បទានដីសេដ្ឋកិច្ច ក្នុងការដាំដុះឈើ ចំនួន ១៧ ក្រុមហ៊ុន មានក្រុមហ៊ុនខេម៉ាហ្គ្រា អ៊ិនវេមេន គ្រុប និងក្រុមហ៊ុនខេមទ្រី ខបភើរេសិនជាក្រុមហ៊ុនបុត្រសម្ព័ន្ធនឹងគ្នាហើយក្រុមហ៊ុននេះបានទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការដាំដុះឈើ ទទួលបានជោគជ័យ ។ ក្រុមហ៊ុននេះបានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០០៧ ដែលមានទីតាំងនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ស្រុកស្រែអំបិល ខេត្តកោះកុង និងស្រុកឈួកខេត្តកំពត ដែលមានទំហំសរុបប្រមាណ ៨,០០០ហិកតា រហូត់មកដល់បច្ចុប្បន្នក្រុមហ៊ុនធ្វើការដាំដុះបានចំនួនប្រចំនួនប្រមាណ៥,០០០ហិកតា ដោយប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន៤៥០នាក់ ក្រុមហ៊ុនបានធ្វើការឈួសឆាយ និងដាំដុះចាប់ពីឆ្នាំ២០០៧រហូត់មកដល់បច្ចុប្បន្ន។
១. ការរៀបចំថ្នាល់បណ្តុះកូនឈើ
ក្រុមហ៊ុនបានបង្កើតថ្នាល់បណ្តុះកូនឈើមួយរបស់ក្រុមហ៊ុននៅ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលអាចផលិតកូនឈើដែលមានគុណភាពខ្ពស់ ពីការកាត់ត្រួយបណ្តុះ(cutting) ។ ក្រុមហ៊ុនបានជ្រើសរើសដើមមេហ៊ាយប្រ៊ីត ដែលបាននាំចូលមកពីបរទេសដែលមានលក្ខណៈល្អប្រសើរសម្រាប់លកខ្ខ័ណប្រទេសរបស់យើង ដើម្បីធ្វើការកាត់ត្រួយបណ្តុះ(cutting) ដែលរហូត់បច្ចុប្បន្នក្រុមហ៊ុនមានសមត្ថភាពអាចផលិតកូនឈើអាកាស្យាបានប្រមាណ៤៥០,០០០កូនក្នុងមួយខែដែលអាចផ្គត់ផ្គង់ការដាំដុះបានចំនួនប្រមាណជា៤០០ ហិកតា។
២. ការដាំដុះ និងការថែទាំ
ការងារដាំដុះត្រូវបានអនុវត្តន៍នៅរដូវវស្សា ក្រោយពេលដាំដុះរួចយើងបានធ្វើការថែទាំ ដាក់ជី ក្រីមែក កាត់សំអាតស្មៅ ជុសជុលផ្លូវ និងធ្វើផ្លូវភ្លើងដើម្បីការពារហាននិភ័យណាមួយដែលកើតឡើងដោយសារភ្លើង ហើយក្រុមហ៊ុនបានបង្កើតទីតាំងស្នាក់នៅសម្រាប់កម្មករនៅក្នុងចម្ការឈើរបស់ក្រុមហ៊ុនដើម្បីងាយស្រួលក្នុងការថែទាំតាមតំបន់និមួយៗ។
៣. ការកែច្នៃជាក្តារវីនៀរ
សម្រាប់ការផលិតក្តារវីនៀរ(Veneer) យើងជ្រើសរើសយកចម្ការឈើដែលមានអាយុចន្លោះពី៦ទៅ៧ឆ្នាំដែលមានមុខកាតចាប់ពី១២ស.មឡើងទៅ ហើយដើម្បីកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជួនក្រុមហ៊ុនបានបង្កើតរោងសិប្បកម្មកែច្នៃក្តារវីនៀរ(Veneer)នៅចំណុចកណ្តាលចម្ការរបស់ក្រុមហ៊ុន។
៤. ការងារដាំដុះឡើងវិញ
ការងារដាំដុះឡើងវិញធ្វើឡើងបន្ទាប់ពីធ្វើការប្រមូលផលរួច ដោយគ្រាន់តែភ្ជួរចន្លោះរងដើម្បីធ្វើការដាំដុះ សម្រាប់គល់ឈើដែលធ្វើការប្រមូលរួចយើងរក្សាទុកធម្មតា ហើយចាប់ពីឆ្នាំ២និង៣គល់នេះនិងចាប់ផ្តើមពុកផុយក្លាយជាជី៕
ដោយ, សិលា