ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នីតិវិធីគូរផែនទី និងចុះបញ្ជីរសហគ្រាស ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល។
ស្ថិតក្នុងឱកាសនេះដែរ លោក គង់ សោភ័ណ្ឌ សូមថ្លែងអំណរគុណ លោក ប្រធានមន្ទីរផែនការខេត្ត ដែលបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះ និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីលទ្ធផលវគ្គបណ្ដុះបណ្ដាលនេះ។ សម្រាប់វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០៥ថ្ងៃ គឺអនុវត្តទៅតាមកម្មវិធីដែលថ្នាក់ជាតិបានកំណត់ និងបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាទីមោទនៈ។
បន្ថែមពីនេះ លោកអភិបាលខេត្ត សូមអរគុណ និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរ ចំពោះឯកឧត្តម លោកជំទាវ ក្រុមការងារសម្របសម្រួលវគ្គ ដែលបានខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ទេពកោសល្យ និងបទពិសោធន៍ ក្នុងការផ្ទេរចំណេះដឹងទៅឱ្យសិក្ខាកាម ប្រកបដោយគុណភាព ដើម្បីមានសមត្ថភាព ចុះទៅបំពេញការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួន។
ជាមួយគ្នានេះ លោក ក៏សូមថ្លែងអំណរគុណដល់សិក្ខាកាមទាំង១១៧នាក់ ដែលបានយកចិត្តទុកដាក់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះតាំងពីដើមរហូតដល់ចប់។
ឆ្លងតាមការបណ្តុះបណ្តាលនេះ លោក គង់ សោភ័ណ្ឌ មានជំនឿជឿជាក់ថា លោក លោកស្រី និងប្អូនៗ សិក្ខាកាមទាំងអស់ ជាមន្រ្តីសម្ភាសន៍ និងមន្រ្តីត្រួតពិនិត្យ ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នាពេលខាងមុខ ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល ទាំងនីតិវិធីគូរផែនទី និងការចុះបញ្ជីសហគ្រាស ពិតជាបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
ដើម្បីជាការលើកទឹកចិត្តដល់បងប្អូន ក្មួយៗដែលបានខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹង អស់រយៈពេល០៥ថ្ងៃកន្លងមកនេះ លោកអភិបាលខេត្ត បានចូលរួមឧបត្ថម្ភសិក្ខាកាមទាំង ១១៧នាក់ ដោយក្នុងម្នាក់ទទួលបានអង្ករ ៥០គ.ក និងថវិកា១០០,០០០(មួយរយពាន់)រៀលផងដែរ៕
ដោយ៖សហការី