ផ្លែមៀន៣០តោនបានមកដល់សាលារាជធានីភ្នំពេញហើយ ក្រុមការងារបាននិងកំពុងធ្វើការបែងចែកជូនបន្ដដល់គ្រប់ខណ្ឌ និងស្ថាប័ននានារួមទាំងវត្តអារាមផងដែរ

ចែករំលែក៖

ភ្នំពេញ៖ ផ្លែមៀនចំនួន៣០តោនដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីជា ស៊ីណា ឃួងស្រេង បានកុម្មង់ទិញតាមការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីចែករំលែកការលំបាករបស់ប្រជាកសិករ នៅតាមខេត្តជាប់ព្រំដែនដែលគ្មានទីផ្សារ ដោយសារការរាតត្បាតជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី២១ សីហា ឆ្នាំ២០២១នេះ
ផ្លែមៀនទាំង៣០តោននេះ បានមកដល់សាលារាជធានីភ្នំពេញហើយ ហើយខណៈ នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការបែងចែកបន្តទៅឱ្យអាជ្ញាធរខណ្ឌ មន្ទីរ កងកម្លាំងប្រដាប់អាវុធ មណ្ឌលកែប្រែ និងប្រគេនព្រះសង្ឃនៅតាមវត្តទូទាំងរាជធានីភ្នំពេញផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផ្លែមៀនទាំង៣០តោននេះត្រូវបានបែងចែកទៅឱ្យសាលាខណ្ឌទាំង១៤ មន្ទីរទាំង២៦ វត្តចំនួន១៥១វត្ត មជ្ឈមណ្ឌលកែប្រែឱកាសខ្ញុំ មណ្ឌលកែប្រែព្រៃស្ពឺ និងបែងចែកទៅឲ្យសមត្ថកិច្ចប៉ូលិសនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីជា ស៊ីណា ឃួងស្រេង បានកុម្មង់ទិញផ្លែមៀនចំនួន៣០តោនពីប្រជាកសិករទៅតាមការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីចែករំលែកការលំបាករបស់ប្រជាកសិករ ខណៈដែលពួកគាត់កំពុងជួបបញ្ហាទីផ្សារ។ ក្នុងនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ជាអ្នកចាត់ចែងក្រុមការងារដើម្បីរៀបចំដឹកផ្លែមៀន (តាង៉ែន) មកជូនសាលារាជធានីភ្នំពេញ។
សូមរំលឹកថា៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន(តាង៉ែន) របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឲ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះក៏មិនបានប្រើថវិកាជាតិនោះដែរ។
សម្តេចតេជោ ក៏បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចម្ការរមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print