ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញអមដំណើរលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះដល់ចំការផ្លែមៀន និងតាង៉ែនផ្ទាល់តែម្តង ដើម្បីបន្តទិញពីកសិករនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក និងភូមិស្វាយព្រៃ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីប្រមូលទិញពីកសិករម្ចាស់ចំការផ្ទាល់តែម្តង ដោយមិនរង់ចាំទិញនៅទីតាំងតារាងបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបងទៀតឡើយ ពោលគឺដើម្បីចង់រកកសិករម្ចាស់ចំការពិតប្រាកដ ដែលកំពុងជួបបញ្ហាទីផ្សារ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព, កងរាជអាវុធហត្ថ ,នគរបាល គ្រូពេទ្យ, អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក៕
ដោយ៖សហការី