ខេត្តសៀមរាប៖ នៅថ្ងៃសៅរ៍ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ម្សិលមុិញ លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានសហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត និងសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានរៀបចំកម្មវិធី វេទិកាអន្តរសាសនា ក្រោមប្រធានបទ ” សូមពិភពលោករួចផុតពីគ្រោះចង្រៃ នៃជម្ងឺរាតត្បាតសកលកូវីដ -១៩ និងអំពើជួញដូមនុស្ស” ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរខេត្តសៀមរាបតំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាពនិងអាជ្ញាធរពាក់ព័ន្ធ។
ក្នុងឱកាសទិវាអន្តរសាសនានេះ លោក សៀ សំណាង នាយកសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំប្រទេសកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ជនមានពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយ ចំនួន ១០០គ្រួសារ មកពី១៩ភូមិ ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ដែលកំពុងជួបការខ្វះខាតក្នុងជីវភាពនាពេលរីករាលដាលកូវីដ -១៩នេះ ។
លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ឯកឧត្តមអភិបាលខេត្ត និងពាំនាំអំពីបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅជម្រាបជូនឯកឧត្តមអភិបាលខេត្តវិញផងដែរ។ ឆ្លៀតក្នុឱកាសនេះ លោកស្រីក៏បានថ្លែងអំណរគុណដល់មន្ទីរធម្មការនិងសាសនាខេត្ត ដែលបានសហការក្នុងរៀបចំឱ្យមានកម្មវិធីអន្តរសាសនា ដែលមានការចូលរួមពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ឱ្យមានការចូលរួមជាមួយគ្នា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នាថ្ងៃនេះ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការពង្រឹងសុខុដុមនីយកម្មផ្នែកសាសនា នៅក្នុងប្រទេសកម្ពុជា។
ស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍នៃប្រទេសកម្ពុជារបស់យើង រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងធម្មការនិងសាសនា ថ្នាក់ដឹកនាំសាសនាទាំងអស់ បានរៀបចំប្រារព្ធវេទិកាអន្តរសាសនា ក្រោមប្រធានបទ ” សូមពិភពលោករួចផុតពីគ្រោះចង្រៃ នៃជម្ងឺរាតត្បាតសកលកូវីដ -១៩ និងអំពើជួញដូមនុស្ស” ដើម្បីធ្វើការឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ដោយជំងឺកូវីដ-១៩ ព្រមទាំងពិធីបួងសួង សូត្រធម៌ អធិដ្ឋាន និងបញ្ជូនសារ ដើម្បីឱ្យកម្ពុជារួចផុតពីជំងឺកូវីដ-១៩ និងដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបញ្ចប់ទេសភាពសម័យទំនើបផងដែរ។
លោកស្រី អភិបាលរងខេត្ត បានជម្រាបបន្ថែមទៀតថាសូមបងប្អូនប្រជាពលរដ្ឋគ្រប់ជាតិសាសត្រូវយល់ដឹងអំពីការជួញដូរមនុស្ស និងការការពារខ្លួនក្នុងបរិបទជំងឺកូវីដ១៩ ជាមួយនឹងរាជរដ្ឋាភិបាលដោយគោរពទៅតាមគោលការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នានិងគ្រប់ចំនួន (២ដូស) ទាំងមនុស្សពេញវ័យ និងកុមារចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ចំពោះអ្នកដែលមិនទាន់បានចាក់សូមប្រញាប់ទាក់ទង និងចុះឈ្មោះជាមួយក្រុមការងារនៅថ្នាក់ឃុំ ដើម្បីទទួលបានការចាក់វ៉ាក់សាំងបានតាមការកំណត់។ ម្យ៉ាងទៀត បងប្អូនបានចាក់វ៉ាក់សាំងទាំង២ដូសរួចហើយក្តី ក៏សូមបងប្អូនបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំឱ្យខ្ជាប់ខ្ជួនបំផុត។ បន្ថែមពីនោះ លោកស្រីក៏បានអំពាវនាវ សូមបងប្អូនកុំធ្វើការចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេស ពិសេសនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះនៅក្នុងសហគមន៍ និងនៅតាមប្រទេសនានាជុំវិញពិភពលោក ពិសេសនៅក្នុងប្រទេសថៃ ដែលជាប្រទេសគោលដៅបងប្អូនចំណាកស្រុក។
នៅក្នុងកម្មវីធីវេទិកាអន្តរសាសនានេះផងដែរ ក្រុមការងារបាននាំយកនូវគ្រឿងឧបភោគបរិភោគដែលមានការឧបត្ថម្ភពី សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមមាន អង្ករចំនួន ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ត្រីខ ០១យួរ និងប្រេងឆា០១ដបធំ (២លីត្រ) ជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ជនមានពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយ ចំនួន ១០០គ្រួសារ៕
ដោយ៖ សិលា