នៅយប់ថ្ងៃទី២៣ខែសីហា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ក្រសួងបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប១០.២៦៦នាក់ថ្មី ក្នុងរយៈពេល២៤ម៉ោង ក្នុងនោះទីក្រុងហូជីមិញនៅតែមានករណីឆ្លងច្រើនជាងគេដដែល គឺមានដល់ទៅ៤.២៥១នាក់។ ក្នុងពេលជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន៦.៩៤៥នាក់បានជាសះស្បើយចាកចេញពីមន្ទីរពេទ្យដែរ។ ចំនួនអ្នកកូវីដ-១៩ ក្នុងថ្ងៃទី២៣ខែសីហា គឺបានថយចុះជាងថ្ងៃទី២២ខែសីហាចំនួន ៩៤២នាក់ ប៉ុន្តែនៅទីក្រុងហូជីមិញនៅតែមានករណីឆ្លងកើនឡើងដដែល តែ
ខេត្តផ្សេងៗទៀតបានថយចុះ។ ដោយឡែកនៅក្នុងប្រទេសថៃវិញ ក៏មានករណីឆ្លងកូវីដ-១៩ថយចុះផងដែរក្នុងថ្ងៃទី២៣ខែសីហានេះ។ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៧,៤៩១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៧,០៩៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៣៩៨ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៤២នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២២,១៣៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យ ក្រោយពីបានជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេសចំនួន ១,០៦៦,៧៨៦ករណី ក្នុងនោះមានអ្នកស្លាប់ ៩,៥៦២នាក់ និងអ្នកជាសះស្បើយឡើងវិញ ៨៦១,៩៨៩នាក់៕
រូបភាព៖ttxvn