អង្គការសុខភាពពិភពលោក(WHO) ផ្ដល់ជំនួយរថយន្ដបំពាក់ប្រព័ន្ធត្រជាក់ដឹកវ៉ាក់សាំង៣គ្រឿង និងសម្ភារបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល !

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ មានពិធីប្រគល់ និងទទួល ពីអង្គការសុខភាពពិភពលោក(WHO) ផ្ដល់ជំនួយរថយន្ដបំពាក់ប្រព័ន្ធត្រជាក់ដឹកវ៉ាក់សាំង៣គ្រឿង និងសម្ភារបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា ! ដែលបានធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលប្រព្រឹត្ដទៅនៅឃ្លាំងឱសថកណ្ដាល នៃក្រសួងសុខាភិបាលផ្ទាល់។
សូមបញ្ជាក់ថា, អង្គការសុខភាពពិភពលោក (WHO) ផ្ដល់ជំនួយជាសម្ភារប្រព័ន្ធត្រជាក់ រួមមាន រថយន្ដបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង និងបរិក្ខារពេទ្យបន្ទាប់បន្សំ, សម្ភារបរិក្ខារវេជ្ជសាស្ដ្រ រួមមានម៉ាសចំនួន ១៦០,០០០, ស្រោមដៃចំនួន ១៦០,០០០ និងជែលលាងដៃចំនួន ៨,៧៥០ដប និងសម្ភារអប់រំសុខភាព ចំនួន ៣០០,០០០ ដែលសរុបជាទឹកប្រាក់ចំនួន ៣២៨,០៧៦.៥០ដុល្លារ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការសុខភាពពិភពលោក ទាំងការិយាល័យនៅកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលតែងតែជួយឧបត្ថម្ភគាំទ្រថវិកា និងបច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្ដទុកដាក់ខ្ពស់ របស់អង្គការសុខភាពពិភលោក ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឱ្យបានកាន់តែឆាប់រហ័ស។ ទន្ទឹមនឹងនោះ លោកស្រី លី អាយឡាន បានសម្ដែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងស្ថាប័នដែលពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជាទំាងអស់ ដែលបានចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះស្ថានភាព នៃការរាលដាលព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ អាចគ្រប់គ្រងបាន។

លោកស្រីតំណាងអង្គការសុខភាពពិភពលោក បានគូសរំលេចថា អង្គការសុខភាពពិភពលោកនឹងនៅតែបន្ដកិច្ចសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា មិនត្រឹមតែការប្រយុទ្ធនឹងជំងឺកូវីដ១៩ប៉ុណ្ណោះនេះ។
សូមជម្រាបជូនថា, នៅប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋច្រើនជាងគេនៅតំបន់អាស៊ាន តាមរយៈការគិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៧,៦៨%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥៥,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print