ក្រុមម្ចាស់ផ្ទះញញួរធំ West Ham United បានយកឈ្នះក្រុមចចក Leicester City ក្នុងលទ្ធផល៤ទល់១ យ៉ាងអស្ចារ្យក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២ កាលពីរាត្រីថ្ងៃទី២៣ឈានចូលថ្ងៃទី២៤ សីហានេះ។ ជ័យជម្នះនេះគឺជាការឈ្នះ២ប្រកួតជាប់គ្នារបស់ក្រុម West Ham ក្នុងការចាប់ផ្តើមរដូវកាលថ្មីនេះ។
ការប្រកួតក្នុងតង់ទី១ ក្រុមម្ចាស់មានឱការរកគ្រាប់បាល់នាំមុខ១គ្រាប់នៅនាទីទី២៦ ដោយកីឡាករ Pablo Fornals ហើយនៅនាទីទី៤០ កីឡាករ Ayoze Pérez របស់ក្រុមភ្ញៀវ Leicester City បានបង្កកំហុសធ្វើឲ្យអាជ្ញាកណ្តាលសម្រេចផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតតែម្តង។ ករណីនេះធ្វើឲ្យក្រុម Leicester City កាន់តែមានសម្ពាធដោយសារដល់គ្នាតែ១០នាក់ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះ West Ham ព្យាយាមគ្រប់គ្រង់បាល់បានកាន់តែច្រើន។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ West Ham ព្យាយាមគ្រប់គ្រងបាល់ និងមានឱកាសរកគ្រាប់បាល់១គ្រាប់នាំមុខទៀតនៅនាទីទី៥៤ ដោយកីឡាករទើបនឹងដូរចូលថ្មី Benrahma ។ ប៉ុន្តែនៅនាទីទី៦៩ កីឡាករ Tielemans របស់ក្រុម Leicester City មានឱការរកគ្រាប់បាល់តាមពីក្រោយ១គ្រាប់វិញធ្វើឲ្យលទ្ធលផលបណ្តោះអាសន្ន២ទល់១។ អ្វីដែលជោគជ័យបន្ថែមទៀតនោះនៅនាទីទី៨០ និងនាទីទី៨៤ ជិតចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធរបស់ក្រុម West Ham កីឡាករ Michail Antonio រកបាន២គ្រាប់បន្ថែមទៀតរហូតដល់ចប់ការប្រកួត។
លទ្ធផលជ័យជម្នះ៤ទល់១នេះ ធ្វើឲ្យក្រុមញញួរធំ West Ham ឡើងឈរលេខ១បណ្តោះអាសន្ននៅក្នុងលីកកំពូលអង់គ្លេសមាន៦ពិន្ទុ ក្នុង២ប្រកួតរដូវកាលថ្មីនេះ។ ក្រុមនេះនឹងត្រូវប៉ះក្រុម Crystal Palace នៅថ្ងៃទី២៨ ខែសីហាខាងមុខដើម្បីប្រកួតក្នុងសប្តាហ៍ទី៣ ក្របខ័ណ្ឌ Premier League ខណៈដែលក្រុម Leicester City នឹងត្រូវប៉ះក្រុម Norwich City នៅថ្ងៃទី២៨ សីហាដូចគ្នា ៕ (រូបភាព ៖ BBC Sport)