រូបភាពថ្មីបំផុតដែលបានបង្ហាញឱ្យឃើញថា ជញ្ជាំងព្រំដែនបានរងការខូចខាតយ៉ាងខ្លាំង ដោយសារតែ ភ្លៀងខ្លាំងពេកនាពេលកន្លងមក។ សារព័ត៌មាន Gizmodo នៅថ្ងៃទី២៣ខែសីហា បានផ្សព្វផ្សាយរូបភាពស្តីពីជញ្ជាំងព្រំដែនដែលលោកត្រាំខិតខំសាងសង់បានរងការខូចខាតយ៉ាងខ្លាំង ស្ថិតនៅតំបន់ភាគខាងត្បូងនៃរដ្ឋ Arizona ។ ជញ្ជាំងដែលខូចខាតគឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុនមក។ ភ្លៀងធ្លាកខ្លាំងកាលពីថ្ងៃទី ២៣ខែសីហា បង្កឲ្យមានគ្រោះទឹកជំនន់នៅតាមបណ្តោយព្រំដែន Arizona និង Sonara នៃប្រទេសម៉ិចស៊ីកូ ។ តាមរបាយការណ៍របស់ក្រសួងព្យាករណ៍អាកាសធាតុអាមេរិកបានឱ្យដឹងថា មានភ្លៀងធ្លាក់ខ្លាំង មានកម្រិតដល់ទៅ ៥៥មិល្លីម៉ែត្រ។ លោក Jose Manuel អគ្គនាយកអង្គការ Cuenca De Los Ojos បានឱ្យដឹងថា ជញ្ជាំង ៦ល្វែងត្រូវទឹកជំនន់ហូរខ្លាំងបណ្តាលឲ្យបាក់ស្រុក ។ តំបន់ជាច្រើនទៀតនៃជញ្ជាំងព្រំដែនក៏បានរងការខូចខាតយ៉ាងខ្លាំងផងដែរ។ តាមក្រុមអ្នកឯកទេសស្តីពីអាកាសធាតុ នៃមហាវិទ្យាល័យ Arizona បានឱ្យដឹងថា ទីក្រុង Douglas មានកម្រិតទឹកភ្លៀងគិតជាមធ្យមកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។ មនុស្សជាច្រើនបានទម្លាក់កំហុសឱ្យក្រុមការងារសាងសង់របស់លោកត្រាំ ដែលមិនខ្វល់ពីបញ្ហាអាកាសធាតុ ពេលសាងសង់ ជញ្ជាំងព្រំដែន ។ ប្រធានាធិបតីបៃឌិន បានស្នើឲ្យផ្អាករាល់ការសាងសង់ជញ្ជាំងព្រំដែន ហើយត្រួតពិនិត្យឡើងវិញនូវប្រាក់ចំណាយសម្រាប់សាងសង់។ គិតមកដល់ពេលនេះ មានជញ្ជាំងព្រំដែន៧២៧គីឡូម៉ែត្របានសាងសង់រួចរាល់ ដោយអាមេរិកជាអ្នកចំណាយប្រាក់ទាំងស្រុង៕ដោយ៖ធីរីណា
រូបថត៖Gizmodo.