ខេត្តឧត្តរមានជ័យ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃអង្គារទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់ទីតាំងចំនួន ៥កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានសម្រេចប្រការ១ ត្រូវបានបញ្ចប់ការបិទខ្ទប់ទីតាំង និងផ្ទះចំនួន ០៥កន្លែង ចាប់ពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១នេះតទៅ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដូចខាងក្រោម៖
១.ផ្ទះរបស់ឈ្មោះ ណែន ទាវ ភេទប្រុស អាយុ ៦២ឆ្នាំ ស្ថិតនៅភូមិដូនកែនសែនជ័យ
២.ផ្ទះរបស់ឈ្មោះ បូន ហៀត ភេទប្រុស អាយុ ៤៧ឆ្នាំ ស្ថិតនៅភូមិដូនកែនសែនជ័យ
៣.ផ្ទះរបស់ឈ្មោះ ហ៊ុន ភ័ព្វវាសនា ភេទប្រុស អាយុ ៥០ឆ្នាំ ស្ថិតនៅភូមិពុរ
៤.ទីតាំងអាហារដ្ឋាន ទន្លេអុំ ស្ថិតនៅភូមិឈូក
៥.ផ្ទះរបស់ឈ្មោះ អួន ឈឿប ភេទប្រុស អាយុ ៥១ឆ្នាំ ស្ថិតនៅភូមិបុរីរដ្ឋបាល។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃអង្គារទី២៤ ខែសីហានេះដែរ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥៧ ករណីបន្ថែមទៀត។ ដោយគិតត្រឹមម៉ោង១៧ និង៣០នាទីថ្ងៃនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៦.៣០៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៥.១៨៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១.១១៦ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២.៦៩៩ នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៤៧០ នាក់ និងស្លាប់ចំនួន ១០នាក់៕ដោយ៖សហការី