នៅរសៀលថ្ងៃទី ២៥ ខែសីហានេះ ! សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញក្នុងកម្មវិធីពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញក្នុងកម្មវិធី ពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា, ថ្ងៃបើកកម្មវិធី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ៖ បច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច​ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ !
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ស្ថិតក្នុងកាលៈទេសៈសព្វថ្ងៃនេះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើងវិញនៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកដោយចីរភាព និងភាពធន់ជាងមុន ទៅនឹងវិបត្តិផ្សេងៗ។

សម្តេចបានគូសបញ្ជាក់ថា ពិភពលោកក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័ស លើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥”។ ក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាតជាមួយថ្នាក់ដឹកនាំសភាប្រទេសសមាជិកAIPAទំាង១០ សម្តេចប្រធានរដ្ឋសភាបានកោតសរសើរចំពោះក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារូស្សាឡាម ជាពិសេស លោក ប៉េហ៊ីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាតអាយប៉ាលើកទី៤២ ដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

សម្តេចបានគូសបញ្ជាក់ថា សម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥” ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក សំដៅជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល។ គោលនយោបាយនេះ នឹងជួយជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់អាស៊ាននិងអាយប៉ា ជំរុញនិងលើកកម្ពស់ឌីជីថលរូបនីយកម្ម ដែលជាកាលានុវត្តភាពដ៏សំខាន់ និងចាំបាច់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចថ្មី និងការលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី។ សម្តេចបានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់លើការតភ្ជាប់ឌីជីថល ការធ្វើពាណិជ្ជកម្មឌីជីថលឆ្លងកាត់ព្រំដែន សន្តិសុខ និងសុវត្ថិភាពនៃលំហូរទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ីនធ័រណែត និងការធ្វើឌីជីថលូបនីយកម្មប្រកបដោយបរិយាប័ន្ន។

ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគោរពអញ្ជើញសមាជិកអន្តរសភាអាស៊ានទំាងអស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នាចុងឆ្នាំនេះផងដែរ។

សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។

អន្តរសភាអាស៊ាន ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេននៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។

នៅឆ្នាំ២០២២ ខាងមុខនេះ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ មហាសន្និបាត លើកទី៤៣។ ពិធីប្រគល់តួនាទីជាប្រធានប្តូរវេនAIPA ដល់សភាកម្ពុជានឹងប្រារព្ធធ្វើនៅចុងបញ្ចប់នៃពិធីបិទមហាសន្និបាតAIPA លើកទី៤២ នេះ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print