សេចក្ដីប្រកាសព័ត៌មាន​ របស់រាជរដ្ឋាភិបាល​លេខ​០១សប្រក​ ស្ដីពី​ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ

ចែករំលែក៖

ភ្នំពេញ, រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ មួយ និងជាខ្សែក្រវាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាន នូវភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិ ពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។ គិតរហូតមក ដល់ពេលបច្ចុប្បន្ន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ ស្ម័គ្រចិត្ត សម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើរ ដែលមានប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ចំនួន ប្រមាណ ៨៨% ធៀបនឹងគោលដៅចំនួន ១០ លាននាក់ ហើយកុមារ និងយុវជនអាយុចាប់ពី ១២ ឆ្នាំ ដល់ ក្រោម ១៨ ឆ្នាំ ចំនួនប្រមាណ ៥៦% ធៀបនឹងគោលដៅចំនួនប្រមាណជិត ២ លាននាក់ បានទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩។ ផ្អែកលើវឌ្ឍនភាពដ៏ល្អប្រសើរនេះ និងដោយសារមានការគាំទ្រ និងចូលរួមយ៉ាងសកម្ម និងទូលំទូលាយពីសំណាក់ប្រជាជននៅគ្រប់មជ្ឈដ្ឋាន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នេះ ត្រូវ បានរំពឹងថានឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ មុនផែនការដែលបាន គ្រោងទុក។

ការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេល បានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ជាច្រើន តាមរយៈការកាត់បន្ថយករណីឆ្លង, ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ-១៩ និង បានបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយដែលបណ្តាលមកពីជំងឺកូវីដ-១៩ នេះ ព្រមទាំងធ្វើឱ្យសភាពការណ៍ បច្ចុប្បន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ប៉ុន្តែ ការរកឃើញ ជាបន្តបន្ទាប់ក្នុងសហគមន៍នៃមេរោគកូវីដ-១៩. បំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) បាននាំមកនូវបញ្ហា ប្រឈមថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសារមេរោគ បំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពចម្លងបានលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំង អាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបាន។ ទន្ទឹករណ៍បែបវិទ្យាសាស្ត្រដែលបានលើកឡើងនៅក្នុងឯកសារ សិក្សាស្រាវជ្រាវពីប្រទេសជាច្រើន បានបង្ហាញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ, កម្រិតភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ ខែ សម្រាប់ករណីទូទៅនិងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ ហើយការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ អាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើង ថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។ ផ្អែកលើទឡីករណីវិទ្យាសាស្ត្រខាងលើនេះ និងយោងតាមប្រភពព័ត៌មានដែលផ្សព្វផ្សាយជាសាធារណៈ ប្រទេស ជាច្រើន រួមមាន អ៊ីស្រាអែល, សហរដ្ឋអាមេរិក, ហុងគ្រី, ឥណ្ឌូនេស៊ី, អារ៉ាប់អេមីរ៉ាត, រុស្ស៊ី, ឈីលី បារាំង, អង់គ្លេស, អាល្លឺម៉ង់, អូទ្រីស ជាដើម បានសម្រេចចិត្តឬគ្រោងចាក់វ៉ាក់សាំងដូសជំរុញនេះ ដើម្បីទប់ទល់ ជាមួយនឹងការវាយលុកទ្រង់ទ្រាយធំនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មី ផ្សេងទៀត។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា, ទន្ទឹមនឹងការសម្រេចប្រើប្រាស់វ៉ាក់សាំងប្រភេទ AstraZeneca ដើម្បីចាក់ជាដូសជំរុញដល់មន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅតាម តំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃមេរោតកូវីដ-១៩ ប្រភេទដែលតា (Delta) កាលពីដើមខែ សីហា ឆ្នាំ២០២១ កន្លងទៅ, ក្រុមការងារជំនាញក៏បានសិក្សាស្រាវជ្រាវរកឃើញដែរថា ការចាក់ដូសជំរុញនេះ ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ មិនបង្កឱ្យមានផលរំខានច្រើនលើស ពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ហើយការចាក់ដុសជំរុញនេះថែមទាំងអាច បង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

ផ្អែកតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រខាងលើ និងក្នុងគោលបំណងបង្កើតឱ្យបានឆាប់រហ័ស នូវ “ភាពសុំសហគមន៍រឹងមាំពិតប្រាកដមួយ” ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពី មេរោគកូវីដ-១៩ ពិសេស ប្រភេទដែលតា (Delta) ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជា ដើម្បីត្រៀម លក្ខណៈឈានឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និង ការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, រាជរដ្ឋាភិបាលសម្រេចប្រកាសដាក់ចេញ នូវ “គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញ ដល់ប្រជាជនទូទៅចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១ នេះ ដល់អំឡុងពាក់កណ្ដាលឆ្នាំ ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយអនុវត្តតាមគោលការណ៍ ដូចខាងក្រោម៖

១-គោលការណ៍ស្ម័គ្រចិត្ត៖ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្ត គោលការណ៍ស្ម័គ្រចិត្ត ដដែល ចំពោះ ការចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បន្តលើកទឹកចិត្តដល់ប្រជាជន ដែលមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌបច្ចេកទេសដែលបានចាក់វ៉ាក់សាំងជុំទី១ រួច មកទទួលយក វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជួយបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងប្រឆាំងនឹងមេរោគកូវីដ-១៩ ជាពិសេស ទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងបង្កើត ឱ្យបាននូវ “ភាពសុំសហគមន៍រឹងមាំពិតប្រាកដមួយ” សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

២-គោលការណ៍ឥតគិតថ្លៃ៖ ជារួម រាជរដ្ឋាភិបាលបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះជូនប្រជាជនដោយឥតគិតថ្លៃ ដូចការចាក់វ៉ាក់សាំងនៅជុំទី១ ដែរ។ ទន្ទឹមនេះ ដើម្បីបង្កើនល្បឿននៃការចាក់ វ៉ាក់សាំងដូសជំរុញនេះ ក៏ដូចជាដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ, រាជរដ្ឋាភិបាលលើកទឹកចិត្ត និង អំពាវនាវដល់ប្រជាជនដែលមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាម គ្រឹះស្ថានសុខាភិបាលឯកជនដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ នេះ។ ដោយឡែក បណ្តារោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមចំណែក ចែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដល់បុគ្គលិក និង កម្មករ-និយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅតាម រោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម និងធានាបាននូវសុវត្ថិភាព និងនិរន្តភាពនៃកិច្ចដំណើរការផលិតកម្ម ជាប្រក្រតីនៅក្នុងរោងចក្រ-សហគ្រាស ឬអាជីវកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានយន្តការ ដើម្បី សម្របសម្រួលជាមួយវិស័យឯកជន និងតួអង្គពាក់ព័ន្ធ ទាំងលើការរួមចំណែករបស់រោងចក្រ-សហគ្រាស និង ម្ចាស់អាជីវកម្មធំៗ ក្នុងការជួយរ៉ាប់រងចំណាយ ដើម្បីចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិក និងកម្មករ-និយោជិត របស់ខ្លួន ទាំងលើការជួយគាំទ្រដល់វិស័យឯកជនក្នុងការនាំចូល និងចែកចាយវ៉ាក់សាំងកូវីដ-១៩ និងផ្ដល់ សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជាក្នុងថ្លៃសមស្រប។

៣-ការធ្វើអាទិភាវូបនីយកម្មនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ទៅលើក្រុមមនុស្ស និងតាមទីតាំង ភូមិសាស្ត្រ៖ ការចាក់វ៉ាក់សាំងដូសជំរុញនេះ ត្រូវផ្ដើមចេញពីក្រុមមន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងចាប់ផ្ដើមពីតំបន់ដែលមានហានិភ័យខ្ពស់, ប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ៦០ ឆ្នាំឡើងទៅ និងប្រជាពលរដ្ឋដែលមានប្រព័ន្ធការពាររាងកាយខ្សោយ មុននឹងបន្តទៅចាក់ជូន ប្រជាពលរដ្ឋទូទៅ ស្របតាមអភិក្រម ”ផ្ការីក” ដូចដែលបានអនុវត្តសម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅជុំទី១ ដោយផ្តើមចេញពីរាជធានីភ្នំពេញ, ខេត្តកណ្តាល និងបន្តទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស។

៤-ការធានាប្រសិទ្ធភាព និងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងដូសជំរុញ៖ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការវ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ, ក្រសួងសុខាភិបាល និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវ អនុវត្តនូវគោលការណ៍ ដូចខាងក្រោម៖

– ផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាវ៉ាក់សាំងដូសជំរុញ តែចំពោះប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែល ត្រូវបានទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់ដោយអង្គការសុខភាពពិភពលោក និងដោយ ក្រសួងសុខាភិបាលកម្ពុជាប៉ុណ្ណោះ។

– កំណត់អំពីប្រភេទវ៉ាក់សាំងសម្រាប់ប្រើប្រាស់ជាដូសជំរុញ សម្រាប់សម្រួលដល់ការស្វះស្វែងរក វ៉ាក់សាំង និងធានាបាននូវការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដោយយន្តការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជន។

– កំណត់អំពីរបបនៃការចាក់វ៉ាក់សាំងដូសជំរុញទាំងរបបនៃការចាក់វ៉ាក់សាំងប្រភេទចម្រុះ (Heterologous Vaccination Regiment) ទាំងរបបនៃការចាក់វ៉ាក់សាំងប្រភេទតែមួយដូចគ្នា (Moriologues Vaccination Regiment) ព្រមទាំងធ្វើការណែនាំដល់សេវាសុខាភិបាលឯកជនអំពីរបបនៃការចាក់វ៉ាក់សាំង ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print