ភ្នំពេញ ៖ នារីម្នាក់ពេលកំពុងជិះម៉ូតូ
សុខៗស្រាប់តែត្រូវជនសង្ស័យឆក់យកកាបូបទៅបាត់ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្បែរបុរីប៉េងហួត ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស្រី នីត ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅក្នុងបុរីមួយកន្លែង ក្បែរផ្សារអុីអន២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមការរៀបពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបនាងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FF-2467ចេញពីហូបចំណីនៅកន្លែងមួយ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងមិនចាំស្លាកលេខ បានមកពីក្រោយរួចធ្វើសកម្មភាពឆក់យកកាបូបរបស់នាងបានសម្រេច និងបណ្ដាលឲ្យរូបនាងដួលម៉ូតូបោកនឹងថ្នល់រងរបួសដៃម្ខាងយ៉ាងដំណំ។ភ្លាមនោះជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។ ជនរងគ្រោះបានបន្តទៀតថា កាបូបរបស់នាងដែលត្រូវជនសង្ស័យឆក់យកទៅនោះ មានលុយខ្មែរបន្តិចបន្តួចនិងទូរស័ព្ទដៃម៉ាក iphone 6 plus មួយគ្រឿង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានរថយន្តសង្គ្រោះបន្ទាន់ក៏បានចុះមកដល់កន្លែងកើតហេតុដែរ រួចបានលាងមុខរបួស និងរុំបង់ឱ្យជនរងគ្រោះ។ បន្ទាប់មកក៏ឃើញឪពុកជនរងគ្រោះបានមកដល់ដោយប្រាប់ទៅសមត្ថកិច្ចថាមិនដាក់ពាក្យបណ្ដឹងនោះទេ រួចក៏នាំកូនត្រឡប់ទៅផ្ទះតែម្ដង ៕
ដោយ ៖ ភារ៉ា ដង្កោ