ភ្នំពេញ ៖ ពីរនាក់ប្ដីប្រពន្ធត្រូវបង្ខំចិត្តយកម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ទៅបញ្ចាំនៅឃ្លាំងរំសេវ ដេីម្បីយកលុយ៦០០$មកឲ្យបុគ្គលម្នាក់ដែលយកឈ្មោះអាវុធហត្ថមកប្រើ រួមជាមួយបក្ខពួក៥-៦នាក់ទៀត ក្រោយពីក្រុមទាំងនោះយកគ្រឿងញៀនទៅទម្លាក់លេីប្ដីប្រពន្ធខាងលេីកាលពីវេលាម៉ោងជាង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួល ជាប់ផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
ជនរងគ្រោះជាប្ដីមានឈ្មោះ ដេត កុសល អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះកេីតហេតុ ។
តាមសម្ដីបុរសរងគ្រោះបានប្រាប់ឱ្យដឹងថា រឿងហេតុនោះគឺនៅយប់ថ្ងៃកេីតហេតុ រូបគាត់និងប្រពន្ធបាននៅក្នុងបន្ទប់ជួលកន្លែងកេីតហេតុខាងលេី ហេីយរៀបនិឹងសម្រាកទៅហើយ ក៏ស្រាប់តែមានបុគ្គលម្នាក់មកគោះទ្វារ ហេីយប្រាប់ថាខ្លួនគេជាអាវុធហត្ថ។ បន្ទាប់មកក៏មានបក្ខពួក៥ទៅ៦នាក់ទៀតបានចូលមកក្នុងបន្ទប់គាត់រួចទម្លាក់គ្រឿងញៀន១កញ្ចប់តូចមកឲ្យគាត់ និងធ្វេីសកម្មភាពចាប់វាយខ្នោះគាត់ព្រមទាំងថតរូបគាត់ជាប់ជាមួយគ្រឿងញៀនថែមទៀតផង ។
ជនរងគ្រោះបន្តថា ក្រោយពីចាប់វាយខ្នោះរូបគាត់ហេីយ ពួកទាំងនោះបានឲ្យរូបគាត់និងប្រពន្ធយកលុយ៥០០$ដេីម្បីជាថ្នូរសម្រាប់ដោះលែង តែគាត់មិនមានលុយ ក៏ពួកគេនោះបង្ខំឲ្យគាត់យកម៉ូតូមួយគ្រឿងទៅបញ្ចាំនៅឃ្លាំងរំសេវបានប្រាក់៥៥០$មកឲ្យ ។ ដោយពួកគេមិនអស់ចិត្តក៏ឱ្យរូបគាត់ទៅយក១០០$ទៀត និងគំរាមឲ្យរេីអីវ៉ាន់ចេញពីផ្ទះជួលទាំងយប់ដេីម្បីកុំឲ្យមានរឿងវែងឆ្ងាយ ។
លុះព្រឹកឡេីងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ប្ដីប្រពន្ធទាំង២នាក់ខាងលេីកេីតទុក្ខមិនសុខចិត្ត និងនឹកគិតថាខ្លួនទទួលភាពអយុត្តិធម៌ខ្លាំងពេក ក៏សម្រេចចិត្តឲ្យសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ជួយដោះស្រាយនិងរកយុត្តិធម៌ឲ្យវិញ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣បានចាត់ឱ្យលោក នូ កាន់លី នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ដឹកនាំកម្លាំងចុះទៅសួរនាំ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ដេីម្បីធ្វើការស្រាវជ្រាវដោះស្រាយតាមជំនាញ ។ តែក្នុងពេលនោះដែរ ស្រាប់តែមានបុគ្គលផ្សេងដែលមិនបញ្ចេញមុខបានអះអាងថា នឹងមានគេយកលុយគ្រប់ចំនួន និងការប្រាក់មកឲ្យប្ដីប្រពន្ធជនរងគ្រោះវិញដេីម្បីបញ្ចប់រឿង។
ជាមួយគ្នានោះដែរ ពលរដ្ឋជាច្រេីនដែលរស់នៅក្បែរទីតាំងកេីតហេតុខាងលេីបានស្នេីសុំលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជួយចាត់កម្លាំងជំនាញធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនខិលខូចទាំងនោះយកមកផ្ដន្ទាទោសឲ្យខាងតែបានផង ដេីម្បីកុំឲ្យយកឈ្មោះអង្គភាព និងថ្នាក់ដឹកនាំដេីរទៅគាបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់ ៕
ដោយ ៖ ភារ៉ា ដង្កោ