ក្រោយពេលក្រុមតាលីបង់ដណ្តើមបានសិទ្ធិគ្រប់គ្រងរដ្ឋធានីកាប៊ុល នៅថ្ងៃទី១៥ខែសីហា ដែលជាពេលវេលា ក្រុមនេះឡើងដឹកនាំប្រទេសអាហ្វហ្គានីស្ថានវិញ។ ប្រទេសជុំវិញពិភពលោក បានខិតខំជម្លៀសពលរដ្ឋរបស់ខ្លួន ចេញឲ្យបានមុនពេលកំណត់គឺនៅថ្ងៃទី ៣១ខែសីហា ។
ប្រទេសអូស្រ្តាលី និងនូវែលសេឡង់បានជម្លៀសមនុស្សចំនួន ១,២០០នាក់បន្ថែមទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាន ចំពេលស្ថានភាពនៅទីនោះកាន់តែអាក្រក់ទៅៗហើយ។ ជាមួយគ្នានេះដែរ ប្រទេសបារាំង ក៏បានបន្តជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថានឲ្យអស់នៅថ្ងៃទី២៧ខែសីហា។
នៅថ្ងៃទី ២៧ខែសីហា នាយករដ្ឋមន្ត្រីបារាំង លោកJean Castex បានថ្លែងថា ប្រទេសបារាំងនឹងលែងអាចជម្លៀសមនុស្ស ចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន បានតទៀតហើយ ក្រោយល្ងាចថ្ងៃ២៧ខែសីហា។
នាយករដ្ឋមន្ត្រី Castex បានថ្លែងប្រាប់វិទ្យុបារាំង RTL ថា «ចាប់ពីយប់ថ្ងៃ២៧ខែសីហា សប្តាហ៍នេះ យើងនឹងលែងអាចធ្វើប្រតិបត្តិការជម្លៀសមនុស្ស ពីព្រលានយន្តកាប៊ុលទៀតហើយ»។ យោងតាមលោក Castex មូលហេតុចម្បង គឺដោយសារការដកកងទ័ពអាមេរិក នៅថ្ងៃទី៣១ ខែសីហា ខណៈបច្ចុប្បន្នកងទ័ពអាមេរិក កំពុងគ្រប់គ្រងនិងធានាសន្តិសុខ នៅព្រលានយន្តហោះ។
ចាប់តាំងពីក្រុមតាលីបង់ បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហាមក មនុស្សរាប់ពាន់នាក់ បាននិងកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសនេះ។ គិតមកទល់ឥឡូវ បារាំងជម្លៀសជនជាតិអាហ្វហ្គានីស្ថានបានជាង ២,០០០នាក់ និងជនជាតិបារាំងផ្ទាល់បាន១០០នាក់៕
ដោយ៖ធីរីណា
មនុស្សតម្រង់ជួរដើម្បីឡើងយន្តហោះដើម្បីជម្លៀសអាហ្វហ្គានីស្ថាន។ (រូបភាព៖EPA)