ស្ត្រីម្នាក់ឈឺពោះសម្រាលកូនភ្លាមៗតាមផ្លូវជាតិលេខ៧៨​ ខណៈប្តីកំពុងឌុបម៉ូតូទៅមណ្ឌលសុខភាព​ក្នុងស្រុកកូនមុំ​

ចែករំលែក៖

ខេត្តរតនគិរី÷ហេតុការណ៍មួយបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងអាជ្ញាធរ​ ដោយសារតែ មានស្រ្តីមានផ្ទៃពោះម្នាក់ បានសម្រាលកូននៅតាមផ្លូវជាតិលេខ៧៨ ខណៈដែលប្តីរបស់គាត់កំពុងតែឌុបម៉ូតូទៅមណ្ឌលសុខភាព ត្រង់ចំណុចព្រំប្រទល់ឃុំត្រពាំងច្រេស​ និងឃុំត្រពាំងក្រហម​ ស្រុកកូនមុំ​ ខេត្តរតនគិរី​ កាលពីវេលាម៉ោង០៤និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

ស្ត្រីមានផ្ទៃពោះគ្រប់ខែខាងលេីមានឈ្មោះហេង ស្រីនាថ អាយុ​ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣​ ឃុំត្រពាំងក្រហម​ ស្រុកកូនមុំ​ ខេត្តរតនគិរី​ ។ នៅថ្ងៃកើតហេតុ ប្រពន្ធប្រាប់ប្តីថាឈឺពោះ រីឯប្តីក៏ប្រញាប់ឌុបប្រពន្ធទៅមណ្ឌលសុខភាព លុះមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចព្រំប្រទល់ឃុំត្រពាំងច្រេស​ និងឃុំត្រពាំងក្រហម​ ស្រ្តីមានផ្ទៃពោះក៏បានឆ្លងទន្លេតាមផ្លូវតែម្តង ដោយពុំទាន់ដល់មណ្ឌលសុខភាពស្រុកកូនមុំផង។

ប្រភពព័ត៌មានបានឲ្យដឹងថា ពេលនោះក៏មានអ្នកភូមិនាំគ្នារត់មកជួយសង្រ្គោះស្រ្តីកូនខ្ចីនេះផងដែរ។ ក្នុងពេលមានហេតុការណ៍នេះភ្លាម អាជ្ញាធរឃុំ និងស្រុកបានទទួលព័ត៌មានភ្លាម ក៏បានបញ្ជាឲ្យខាងមណ្ឌលសុខភាព ដឹកនាំគ្រូពេទ្យទៅជួយអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ លុះរថយន្តពេទ្យមកដល់ ក៏នាំគ្នាជួយលើកដាក់លើរថយន្តយកទៅមណ្ឌលសុខភាពស្រុកកូនមុំភ្លាមៗតែម្ដង ដោយមិនមានគ្រោះថ្នាក់អ្វីឡើយទាំងម្តាយ និងទារក។

ក្នុងឱកាសនោះដែរប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរឃុំ ស្រុក​ និងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ស្វះស្វែងជួយអន្តរាគមន៍ រថយន្តសង្រ្គោះដឹកស្រ្តីឆ្លងទន្លេមកមណ្ឌលសុខភាព និងសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print