ខេត្តកែប, នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនចាស់ជរា ចំនួន១៩គ្រួសារ ដែលកំពុងជួបការលំបាក ដោយសាវិបត្តិ ជំងឺកូវីដ-១៩ ក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមការងារចុះជួយភូមិទួលសាងាំ លោកស្រី អភិបាលស្រុកដំណាក់ចង្អើ មេឃុំ មេភូមិ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាល ននិងសួរសុខទុក្ខចាស់ជរានាឱកាសនេះលោក សោម ពិសិដ្ឋ បានសួរនាំអំពីសុខភាពលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ក្រោយបានចាក់វ៉ាក់សាំងរួច និងបានផ្ដាំផ្ញើអោយពួកគាត់ត្រូវបន្ដអនុវត្តវិធានការសុខាភិបាល រួមមានពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពអោយបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ។ លោកបានបន្តថាសម្រាប់អ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមរួសរាន់មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា នៅតាមទីតាំងនីមួយៗដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍ទាំងមូលផងដែរ។
លោកបានបន្ថែមទៀតថា ចំពោះអាណាព្យាបាលដែលមានកូនៗ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សូមបន្ដនាំកូនៗ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩អោយបានគ្រប់ៗគ្នា ចាប់ពីថ្ងៃនេះតទៅ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍យើងបន្ថែមទៀត ក្នុងការប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ផងដែរថាអំណោយដែលបាននាំមកជូននាពេលនេះក្នុង០១គ្រួសារៗ ទទួលបានអង្ករ មី ម៉ាស ជេលលាងដៃសំលាប់មេរោគ និងថវិកាមួយចំនួនផងដែរ៕
ដោយ,សិលា